ភ្នំពេញ៖ ក្រសួងទេសចរណ៍ ចាត់ទុក អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាច្រកទ្វារដ៏សំខាន់ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបទពិសោធទេសចរណ៍មិនអាចបំភ្លេចរបស់កម្ពុជាទៅកាន់ប្រជាជនពិភពលោក។ ការចាត់ទុកដូច្នេះ បន្តាប់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងសហការីពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា បានធ្វើទស្សនកិច្ចស្វែងយល់អំពីបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មនានា ជូនដល់ភ្ញៀវ និងអ្នកដំណើរជាតិ និងអន្តរជាតិ ក៏ដូចជាជួបសំណេះសំណាលជាមួយមន្រ្តីមានសមត្ថកិច្ចប្រចាំការ និងវិស័យឯកជន។
លោក ហួត ហាក់ និងលោក Dominic Williams បានចុះពិនិត្យ និងស្វែងយល់អំពីលំហូរបដិសណ្ឋារកិច្ចអន្តោប្រវេសន៍ និងការប្រើប្រាស់ច្រកទ្វារឆ្លាត (Smart Gate) ដ៏ទំនើប ព្រមទាំងសេវាកម្មនានាដែលផ្តល់ជូននៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ទំនើប ស្តង់ដារអន្តរជាតិ និងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរពីជុំវិញពិភពលោក។
ក្នុងឱកាសនោះ លោក ហួត ហាក់ ក៏បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលពិតជារួមចំណែកពង្រឹងការតភ្ជាប់ការធ្វើដំណើរអន្តរជាតិ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប លើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងផ្សព្វផ្សាយរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។
គួរបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីកម្រិត៤F របស់កម្ពុជា ដែលត្រូវបានសាងសង់ឡើង ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ ពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងពិភពលោក ជាពិសេសគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ដែលត្រូវបានបើកសម្ភោធជាផ្លូវការនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕