ភ្នំពេញ៖ វិទ្យាស្ថានជាតិសង្គមកិច្ច ប្រកាសជ្រើសរើសនិស្សិតចំនួនសរុប ២០០ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ លើមុខជំនាញរួមមាន សង្គមកិច្ចវិទ្យា, សង្គមវិទ្យា, កិច្ចគាំពារសង្គម, គោលនយោបាយសង្គម, គោលនយោបាយសាធារណៈ, រដ្ឋបាលសាធារណៈ, គ្រប់គ្រងសាធារណៈ, អក្សរសាស្ត្រអង់គ្លេស ព្រមទាំងជំនាញវិស្វករឧបករណ៍សិប្បនិម្មិត និងរណប។
យោងតាមសេចក្តីជូនដំណឹង វិទ្យាស្ថានជាតិសង្គមកិច្ច បានឱ្យដឹងថាវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍សិក្សាវេនពេលព្រឹក (ម៉ោង ៧:៣០ ដល់ ១១:២០ នាទី) មានជំនាញសង្គមកិច្ចវិទ្យា ចំនួន ៣០ នាក់, កិច្ចគាំពារសង្គម ចំនួន ៣០ នាក់, សង្គមវិទ្យា ចំនួន ២៥ នាក់ ។ រីឯវេនរសៀល (ម៉ោង ១៣:០០ ដល់ ១៧:៣០ នាទី) រួមមាន ជំនាញគោលនយោបាយសង្គម ចំនួន ២០ នាក់, គោលនយោបាយសាធារណៈ ចំនួន ២០ នាក់, គ្រប់គ្រងសាធារណៈ ចំនួន ២០ នាក់, រដ្ឋបាលសាធារណៈ ចំនួន ២០ នាក់, ភាសាអង់គ្លេស ចំនួន ២០ នាក់ និង សម្រាប់ការសិក្សាពេញម៉ោង មានវិស្វករឧបករណ៍សិប្បនិម្មិត និងរណប ចំនួន ១៥ នាក់ ។
បើតាមប្រភពដដែល បេក្ខជនដែលមានបំណងដាក់អាហារូបករណ៍ ត្រូវមានសញ្ញាបត្រ ឬវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ពីឆ្នាំសិក្សា ២០១២ ដល់ ២០២៦ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ព្រមទាំងមាននិទ្ទេសតាមមុខវិជ្ជាពី A ដល់ E ដោយការជ្រើសរើសនឹងផ្អែកលើលទ្ធផលនៃការប្រឡងតាមមុខជំនាញនីមួយៗ។ ឯកសារដែលត្រូវបំពេញរួមមាន ពាក្យស្នើសុំប្រឡងអាហារូបករណ៍ ១ ច្បាប់, ជីវប្រវត្តិសង្ខេប ១ ច្បាប់, បង្កាន់ដៃបង់ប្រាក់សុំសិទ្ធិប្រឡង ១ ច្បាប់, រូបថត ៤x៦ ផ្ទៃខាងក្រោយពណ៌ស ចំនួន ៣ សន្លឹក និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១២-២០២៦។ លើសពីនេះ វិទ្យាស្ថានក៏បានបញ្ជាក់ពីការផ្ដល់អាទិភាពខ្ពស់ដល់បេក្ខជនជានារី ជនក្រីក្រ តំបន់ដាច់ស្រយាល ជនជាតិភាគតិច និងជនមានពិការភាព ដោយគ្រាន់តែមានលិខិតបញ្ជាក់ស្ថានភាពពីអាជ្ញាធរឃុំ-សង្កាត់។
ដំណើរការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០ រសៀលជាកំហិត។ បេក្ខជនអាចទាញយកពាក្យស្នើសុំតាមរយៈ QR Code ឬទំនាក់ទំនងដាក់ពាក្យដោយផ្ទាល់នៅវិទ្យាស្ថានជាតិសង្គមកិច្ច ដែលមានទីតាំងស្ថិតនៅអគារលេខ ២០B ផ្លូវដួងងៀប២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 012 462 911, 089 344 309, 098 781 019 និង 070 406 049។ ការប្រឡងជ្រើសរើសនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ហើយកាលបរិច្ឆេទចូលរៀនផ្លូវការគឺនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ៕