ភ្នំពេញ៖ជនជាតិវៀតណាម ចំនួន ៤នាក់ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនដោយរកឃើញថា អាចជាប់សង្ស័យប្រព្រឹត្តបទល្មើស កម្ចីអនឡាញ ខុសច្បាប់។បច្ចុប្បន្នអាជ្ញាធរកំពុងរៀបចំបញ្ជូនអនុវត្តនីតិវិធីបន្ត។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទុង រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យរដ្ឋបាលនៅអគារពាណិជ្ជកម្ម KLK Tower សង្កាត់បឹងកក់ទី១ មានកម្ពស់ ១៣ជាន់ (២២បន្ទប់)។
ក្រោយពេលចុះត្រួតពិនិត្យនៅបន្ទប់លេខ R02 ជាន់ទី៧ កម្លាំងបានរកឃើញ ជនជាតិវៀតណាមចំនួន ៤នាក់ កំពុងបំពេញការងារ។ ដោយមានការត្រួតពិនិត្យពីកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញថាជនជាតិវៀតណាមទាំង ៤នាក់នោះ មានការសង្ស័យប្រព្រឹត្តបទល្មើសកម្ចីអនឡាញខុសច្បាប់។
ចុងក្រោយកម្លាំងបានដកហូតវត្ថុតាងជាសម្ភារៈរួមមាន៖ កុំព្យូទ័រ All-in-One ចំនួន ១០គ្រឿង ដោយឡែកបច្ចុប្បន្ននេះជនសង្ស័យជាជនជាតិវៀតណាមទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនយកមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តនីតិវិធីបន្ត៕