ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងជាអ្នកផ្តល់ដំណោះស្រាយ ICT ឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន OPPO Cambodia ដែលជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នា (MoU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រមួយ ដែលផ្តោតលើភាពងាយស្រួល និងការផ្តល់ប្រយោជន៍ជូនអតិថិជន។ តាមរយៈកិច្ចសហការនេះ អតិថិជនដែលទិញស្មាតហ្វូន OPPO នឹងទទួលបានស៊ីមកាត Smart 5G ដែលអាចភ្ជាប់គម្រោង 5G បានភ្លាមៗ។
ក្រៅពីការលក់រួមគ្នា ក្រុមហ៊ុនទាំងពីរក៏នឹងសហការគ្នាក្នុងការរៀបចំយុទ្ធនាការទីផ្សារ ការដាក់បង្ហាញផលិតផល និងសកម្មភាពសប្បាយៗផ្សេងទៀត ដើម្បីបង្កើនភាពលេចធ្លោនៅលើទីផ្សារកម្ពុជា។
ការចុះហត្ថលេខានេះ គឺជាការបោះជំហានមួយកម្រិតទៀតដើម្បីពង្រឹងកិច្ចសហការរវាង Smart និង OPPO ដែលកន្លងមក ក្រុមហ៊ុនទាំងពីរធ្លាប់បានសហការគ្នាទៅលើការងារផ្សេងៗ ដូចជាការដាក់ឲ្យមាននូវ OPPO Brand Store នៅ Smart Shop មុន្នីវង្ស និងការផ្ដល់ជូនរួមគ្នាផងដែរ។
លោក Ritesh Kumar Singh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ «បណ្ដាញ 5G បានចូលខ្លួនមកដល់កម្ពុជាតាំងពីដើមឆ្នាំនេះម្ល៉េះ ហើយយើងដឹងថា ការមានទូរស័ព្ទដែលអាចប្រើប្រព័ន្ធ 5G បាន គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះមិនមែនទូរស័ព្ទទាំងអស់សុទ្ធតែអាចប្រើប្រាស់បណ្ដាញនេះបាន ទេ។ ដូច្នេះ ភាពជាដៃគូរបស់យើងជាមួយ OPPO នឹងជួយដោះស្រាយបញ្ហានេះ ដោយផ្តល់ជូនអតិថិជនទាំងស្មាតហ្វូន 5G និងស៊ីម 5G ក្នុងកញ្ចប់តែមួយក្នុងតម្លៃសមរម្យ។ នេះគឺជាវិធីសាស្ត្រងាយស្រួលមួយ ដើម្បីជួយឱ្យប្រជាជនកម្ពុជាបានទទួលបទពិសោធន៍ថ្មីដ៏អស្ចារ្យពី 5G»។
លើសពីនេះទៅទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន បុគ្គលិកជំនាញរបស់ Smart ត្រូវបានដាក់ឱ្យប្រចាំការនៅតាមហាងលក់ទូរស័ព្ទ OPPO ដែលត្រូវបានជ្រើសរើសចំនួន ១០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីជួយរៀបចំការដាក់ស៊ីម ក៏ដូចជាផ្តល់ព័ត៌មានលម្អិតអំពីសេវាកម្មផ្សេងៗរបស់ Smart ជូនអតិថិជនផ្ទាល់តែម្តង។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន Smart នៅតែបន្តប្តេជ្ញាចិត្តពង្រីកប្រព័ន្ធ 5G ឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងផ្តល់នូវភាពងាយស្រួល និងការតភ្ជាប់ដ៏រលូនជូនអតិថិជនទូទាំងប្រទេសផងដែរ។
អំពីក្រុមហ៊ុន (Smart)
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។
ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។
អំពីក្រុមហ៊ុន OPPO
OPPO គឺជាម៉ាកបច្ចេកវិទ្យាសកលដែលផ្តោតលើការអភិវឌ្ឍស្មាតហ្វូន និងផលិតផលបច្ចេកវិទ្យាឆ្លាតវៃ ដោយផ្តោតសំខាន់លើការច្នៃប្រឌិត ការរចនា បច្ចេកវិទ្យាកាមេរ៉ា និងបទពិសោធន៍អ្នកប្រើប្រាស់។
នៅក្នុងទីផ្សារកម្ពុជា OPPO បានខិតខំនាំយកផលិតផល និងបច្ចេកវិទ្យាទំនើបៗមកបំពេញតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជា ជាពិសេសយុវជនជំនាន់ថ្មី។ តាមរយៈផលិតផលដូចជា Find Series, Reno Series និង A Series OPPO ផ្តល់ជម្រើសជាច្រើនដែលសមស្របទៅនឹងរបៀបរស់នៅ និងតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់។
ក្រៅពីការអភិវឌ្ឍផលិតផល OPPO កម្ពុជាក៏ផ្តោតលើការចូលរួមជាមួយសហគមន៍ តាមរយៈសកម្មភាពយុវជន សាកលវិទ្យាល័យ កម្មវិធីច្នៃប្រឌិត និងកិច្ចសហការជាមួយដៃគូអាជីវកម្ម ដើម្បីបង្កើតបទពិសោធន៍ និងតម្លៃបន្ថែមសម្រាប់សង្គមកម្ពុជា។
ជាមួយនឹងចក្ខុវិស័យក្នុងការនាំយកបច្ចេកវិទ្យាឆ្លាតវៃ និងបទពិសោធន៍ថ្មីៗមកកាន់អ្នកប្រើប្រាស់ OPPO នឹងបន្តពង្រឹងវត្តមានរបស់ខ្លួននៅកម្ពុជា និងបន្តច្នៃប្រឌិតផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជំនាន់ថ្មី។