ភ្នំពេញ៖ លោក ហួតហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា និស្សិតគ្រប់រូប គឺជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់កម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅ។ ការលើកឡើងនេះ កំឡុងពេលមានជំនួបជាមួយសិស្សជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការទៅសិក្សានៅប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ និងសាធារណរដ្ឋឆែក សរុបចំនួន ២៦រូប។
កំឡុងពេលនោះ លោករដ្ឋមន្រ្តី មានប្រសាសន៍ផ្តាំផ្ញើ និងបានគូសបញ្ជាក់អំពីតួនាទីនិងកាតព្វកិច្ចរបស់យុវជនចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅបរទេស។ ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ៗ គឺជាទូតសុច្ឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញអំពីវប្បធម៌ បេតិកភណ្ឌ ប្រពៃណីទំនៀមទំលាប់ គោលដៅទេសចរណ៍ ស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយពិតរបស់ប្រទេសកម្ពុជា ទៅដល់ប្រជាជនក្នុងប្រទេសដែលបានខ្លួនស្នាក់នៅ និងរៀនសូត្រ ព្រមទាំងបង្ហាញដល់មិត្តភ័ក្តមកពីប្រទេសដទៃទៀតក្នុងពិភពលោក ឱ្យបានយល់ដឹងពីប្រទេសកម្ពុជា ជាពិសេសសូមចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កាច់បង្ខូចពីប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានរំលឹកពីសុភាសិតខ្មែរដែលចែងថា «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ» ដោយក្នុងករណីប្អូនៗ មានបញ្ហា ឬ សំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសដែលប្អូនៗ កំពុងរស់នៅ និងសិក្សា។ ជាមួយគ្នានេះ លោក ហួត ហាក់ ក៏បានបន្ថែមថា នៅពេលប្អូនៗទាំងអស់គ្នាបញ្ចប់ការសិក្សាដោយជោគជ័យ សូមបេក្ខជន បេក្ខនារី ត្រូវយកនូវចំណេះដឹង និងបទពិសេធល្អៗ ដែលទទួលបានពីបរទេស មកប្រើប្រាស់ និងចែករំលែកបន្តដល់យុវជន យុវនារីជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ទៅតាមជំនាញរៀងៗខ្លួន៕