Swift cc time

ថៃបន្តឈូសឆាយព្រៃ ធ្វើផ្លូវ និងសង់លេណដ្ឋានយោធាថ្មី នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ! កម្ពុជាតវ៉ានឹងទង្វើខុសច្បាប់នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃមកលើទឹកដីកម្ពុជា ដោយយោធាថៃបានបន្តធ្វើការឈូសឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មី និងសង់លេណដ្ឋានយោធាថ្មី នៅតាមបណ្តោយព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

បើតាមក្រសួងការបរទេសបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើការឈូសឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែ ដែលតភ្ជាប់ ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ១៤ ទៅកាន់តំបន់ភ្នំតាថុង (ភ្នំ២៧៨)។ បន្ទាប់មក នៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពសាងសង់ផ្លូវនៅក្នុងតំបន់ខាងលើ ព្រមទាំង បានសាងសង់លេណដ្ឋានយោធាថ្មីផងដែរ។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់លេណដ្ឋានយោធាថ្មីមួយចំនួន នៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ។

ក្រសួងបញ្ជាក់ថា សកម្មភាពខាងលើនេះ គឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ កម្ពុជា អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាម កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដី ជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹង ស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាជំរុញ ឱ្យប្រទេសថៃបញ្ឈប់សកម្មភាពទាំងនេះ ព្រមទាំងគោរពនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍តានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕

Khcct banner

អត្ថបទទាក់ទង