ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ កំពុងផ្តល់ឱកាសដល់សមណសិស្ស-សិស្ស ឱ្យចូលប្រឡងយកអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ។ អាហារូបករណ៍១០០%នេះ នឹងផ្តល់ជូនចំនួន ៣៥០អង្គ/នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ។
បើតាមពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ការផ្តល់ជូននេះ សម្រាប់មហាវិទ្យាល័យចំនួន៤។ ១. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា ចំនួន១១០អង្គ/នាក់ ដោយមានឯកទេស ទស្សនវិជ្ជាព្រះពុទ្ធសាសនា ៤០អង្គ/នាក់ ឯកទេសសង្គមវិទ្យា ៣០អង្គ/នាក់ និង ឯកទេសនីតិសាស្ត្រ ៤០អង្គ/នាក់។ ២. ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យាចំនួន ៨០អង្គ/នាក់ រួមមាន ឯកទេសរដ្ឋបាលអប់រំ ៤០អង្គ/នាក់ និងឯកទេសៈគ្រប់គ្រងទូទៅ ៤០អង្គ/នាក់។
បន្ថែមពីនេះ ៣. ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ ចំនួន ៨០អង្គ/នាក់ រួមមាន ឯកទេសអក្សរសាស្ត្រខ្មែរ ៤០អង្គ/នាក់ និងឯកទេសបរិស្ថាន ៤០អង្គ/នាក់។ ៤. ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹត និងភាសាបរទេស ចំនួន ៨០អង្គ/នាក់ រួមមាន ឯកទេសភាសាបាលី ៤០អង្គ/នាក់ និងឯកទេសអក្សរសាស្ត្រអង់គ្លេស ៤០អង្គ/នាក់។
សម្រាប់សមណសិស្ស-សិស្សដែលមានចំណាប់អារម្មណ៍ សូមទទួលពាក្យចុះឈ្មោះចូលរៀន ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ។ ចូលរៀន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦៕