ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី២០សីហានេះ ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមគូសបញ្ជាក់ផងដែរថា ទីតាំងដែលរងផលប៉ះពាល់នេះ គឺជាទីតាំងប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងប្រើប្រាស់ប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយបានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ដោយរហូតមកដល់ពេលនេះពុំទាន់អាចស្តារប្រកបអាជីវកម្មចិញ្ចឹមជីវិតបានវិញនៅឡើយទេ ដោយសារទីតាំងនេះត្រូវបានកងកម្លាំងយោធាថៃវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥។ គួរបញ្ជាក់ផងដែរថាទីតាំងនេះស្ថិតក្នុង ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចម្ងាយប្រមាណ៨.២គីឡូម៉ែត្រពីច្រកអន្តរជាតិប៉ោយប៉ែត។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕