Swift cc time

រដ្ឋសភា អនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដោយសំឡេង១១០ លើ១១០សំឡេង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២០សីហានេះ បានអនុម័តជាផ្លូវការដោយឯកឆន្ទ ១១០ លើ ១១០ សំឡេង លើវិសោធនកម្មមាត្រា ៣៣, ៣៤, ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ការធ្វើវិសោធនកម្មនេះ ផ្តល់នូវរូបមន្ត និងយន្តការថ្មីច្បាស់លាស់ក្នុងការបែងចែកមុខតំណែង មេឃុំ/ចៅសង្កាត់ និងជំទប់/ចៅសង្កាត់រង ដោយផ្អែកលើលទ្ធផលឆ្នោតជាក់ស្តែងពីប្រជាពលរដ្ឋ ធានានូវភាពឯកភាព និងប្រសិទ្ធភាពដឹកនាំរដ្ឋបាលមូលដ្ឋាន ព្រមទាំងជំរុញការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានធ្វើវិសោធនកម្មលើមាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ មាន មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨ ឱ្យស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តពង្រឹងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតម្រូវការចាំបាច់ដើម្បីធានាឱ្យការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានឯកភាព ប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ជាងមុន។

វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណងសំខាន់ៗដូចជា ធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលនៃការបោះឆ្នោត ស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ធានាឱ្យមានឯកភាព និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន ជាដើម។

ក្រោយពីបានពិភាក្សាតាមនីតិវិធី អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាឯកច្ឆន្ទ ដោយទទួលបានសំឡេងគាំទ្រចំនួន ១១០ លើ ១១០ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕

Khcct banner

អត្ថបទទាក់ទង