ព្រះសីហនុ៖នាវាល្បាតរបស់កងទ័ពជើងទឹកព្រីតថេន (ចក្រភពអង់គ្លេស) ប្រភេទ HMS Tamar នៅថ្ងៃទី ២០ សីហា បានធ្វើដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្រមកកាន់មូលដ្ឋានកងទ័ពជើងទឹករាមរបស់ប្រទេសកម្ពុជា។ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចលើកទី៣ របស់កងទ័ពជើងទឹកព្រឹតថេន (ចក្រភពអង់គ្លេស) មកកាន់ប្រទេសកម្ពុជា រាប់ចាប់តាំងពីឆ្នាំ២០២៣ មក។សម្រាប់ទស្សនកិច្ចលើកនេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាង ព្រីតថេន និងកម្ពុជា។
យោងតាមសេចក្តីប្រកាសពីស្ថានទូតព្រីតថេន (ចក្រភពអង់គ្លេស) ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ នាវា HMS Tamar និងក្រុមនាវិករបស់នាវា នឹងអនុវត្តសកម្មភាពការទូតផ្នែកការពារជាតិ ការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ និង កម្មវិធីផ្សារភ្ជាប់ជាមួយសហគមន៍ ជាមួយភាគីកម្ពុជា ហើយភាគីទាំងពីរនឹងចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នាលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និង ជំនាញជាក់ស្តែងផ្សេងៗទៀតក្នុងវិស័យនាវាចរណ៍។
បន្ថែមពីនេះ នាវា HMS Tamar នឹងរៀបចំពិធីទទួលភ្ញៀវនាពេលល្ងាច ដែលមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល តំណាងយោធា សមាជិកនៃសហគមន៍ការទូត ថ្នាក់ដឹកនាំធុរកិច្ច និងអ្នកពាក់ព័ន្ធនៅថ្នាក់ខេត្ត។ពិធីទទួលភ្ញៀវនេះនឹងអបអរសាទរទំនាក់ទំនងដ៏រឹងមាំ និង កំពុងរីកចម្រើនរវាងចក្រភពព្រឹតថេន និងកម្ពុជា ព្រមទាំងលើកបង្ហាញពីកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ការចូលរួមក្នុងកិច្ចការតំបន់ និងផលប្រយោជន៍រួមជាច្រើនដែលផ្សារភ្ជាប់ប្រទេសទាំងពីរជាមួយគ្នា។
លោក Dominic Williams ឯកអគ្គរាជទូតព្រឹតថេនប្រចាំនៅកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍មេបញ្ជាការ Tom Lindsey និងក្រុមនាវិកនៃនាវា HMS Tamar មកកាន់ប្រទេសកម្ពុជា។លោកចាត់ទុក ការចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូងនេះ បង្ហាញពីការរីកចម្រើននៃទំនាក់ទំនងកងទ័ពជើងទឹករវាងកម្ពុជា និងព្រឹតថេន។
បើតាមលោក Dominic Williams ការចូលចតនេះ គឺស្របពេលជាមួយការបណ្តុះបណ្តាលនិស្សិតកងទ័ពជើងទឹកកម្ពុជាចំនួន ២ នាក់ ដែលកំពុងសិក្សានៅសាលាបណ្តុះបណ្តាលកងទ័ពជើងទឹក Britannia Royal Navy College ក្នុងទីក្រុង Dartmouth។លោកថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការស្វាគមន៍នាវា HMS Tamar ហើយទន្ទឹងរង់ចាំទំនាក់ទំនងការពារជាតិកម្ពុជា-ព្រឹតថេន ដែលនឹងបន្តរីកចម្រើននៅក្នុងឆ្នាំខាងមុខ។
លោក Tom Lindsey មេបញ្ជាការនាវា HMS Tamar បានថ្លែងចាត់ទុកការទទួលស្វាគមន៍ពីកម្ពុជា គឺជាកិត្តិយសដ៏ធំធេង និងជាសញ្ញាដ៏សំខាន់មួយនៃភាពរីកចម្រើននៃភាពជាដៃគូរវាងកម្ពុជា-ព្រឹតថេន ខណៈដែលប្រទេសទាំងពីរួមគ្នាកសាងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង អាស៊ីអាគ្នេយ៍។លោកថាយើងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូរបស់យើងនៅកងទ័ពជើងទឹកកម្ពុជា តាមរយៈការហ្វឹកហ្វឺនរួមគ្នាលើជំនាញវេជ្ជសាស្ត្រ និងជំនាញនាវាចរណ៍របស់យើង។"
គួរបញ្ជាក់ថា នាវាប្រភេទ HMS Tamar គឺជានាវាល្បាតឈូងសមុទ្រ (Offshore Patrol Vessel) ប្រភេទ River-class របស់កងទ័ពជើងទឹកព្រឹតថេន (Royal Navy) កំពុងបំពេញបេសកកម្មនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នាវានេះអនុវត្តភារកិច្ចសន្តិសុខលើដែនសមុទ្រ ការការពារធនធានជលផល ជំនួយមនុស្សធម៌ និង ការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់។នាវានេះក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប ជួយកាត់បន្ថយការបញ្ចេញឧស្ម័នពីការប្រើប្រាស់ប្រេងម៉ាស៊ូតយ៉ាងមានប្រសិទ្ធភាព៕