បាងកក៖ មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយនៃប្រទេសថៃ បានព្រមានសាធារណជនកុំឱ្យជឿលើព័ត៌មានដែលកំពុងផ្សព្វផ្សាយតាមបណ្តាញសង្គមដែលអះអាងថា ប្រទេសថៃបានយក «ថ្នាំញៀន Yaba» ទៅចុះបញ្ជីជាបេតិកភណ្ឌពិភពលោកជាមួយអង្គការ UNESCO និងបញ្ជាក់ថា នេះជា ព័ត៌មានក្លែងក្លាយ និងមិនដែលមានការចុះបញ្ជីបែបនេះកើតឡើងនោះឡើយ។
យោងតាមការចុះផ្សាយរបស់កាសែត The Thiager តាមការត្រួតពិនិត្យរបស់មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយថៃ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ បានរកឃើញថា ខ្លឹមសារដើមនៃព័ត៌មាននេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា AI ហើយថែមទាំងមានភ្ជាប់សញ្ញាហាសថេក #Satire ដែលមានន័យថាជាខ្លឹមសារ «និពន្ធឡើងដើម្បីចំអក» មិនមែនជារាយការណ៍ព័ត៌មានពិតនោះទេ។
អាជ្ញាធរថៃ បានគូសបញ្ជាក់ឡើងវិញថា ថ្នាំ Yaba គឺជាសារធាតុញៀនខុសច្បាប់ ដូច្នេះវាមិនអាចយកទៅចុះបញ្ជីជាបេតិកភណ្ឌពិភពលោកបានដាច់ខាត។តាមច្បាប់របស់អង្គការ UNESCO បេតិកភណ្ឌពិភពលោកគឺសម្រាប់តែប្រាសាទ អគារប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិសំខាន់ៗប៉ុណ្ណោះ។ ដូច្នេះ គ្មានច្បាប់ណាដែលអនុញ្ញាតឱ្យយកថ្នាំញៀន (Yaba) ទៅចុះបញ្ជីជាបេតិកភណ្ឌនោះទេ ដូចអ្វីដែលគេចែករំលែកតៗគ្នានោះទេ។
អាជ្ញាធរមានបញ្ជាក់ថា ករណីនេះអាចសន្និដ្ឋានបានយ៉ាងច្បាស់ថា ប្រទេសថៃមិនបានយកថ្នាំញៀន Yaba ទៅចុះបញ្ជីជាបេតិកភណ្ឌពិភពលោកជាមួយ UNESCO ហើយខ្លឹមសារដែលឃើញនៅលើបណ្តាញសង្គម គឺជាអត្ថបទចំអកឡកឡឺយ ដែលត្រូវបានគេយកមកផ្សព្វផ្សាយបន្ត រហូតបង្កឱ្យមានការយល់ច្រឡំដល់សាធារណជន៕