Swift cc time

«វិមានសាមគ្គីភាព»នៃព្រឹទ្ធសភា នឹងសម្ពោធជាផ្លូវការ ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ «វិមានសាមគ្គីភាព» គឺជាអគាររដ្ឋបាលថ្មីរបស់ព្រឹទ្ធសភា សាងសង់ឡើងដោយផ្អែកលើរចនាបទខ្មែរទាំងស្រុង និងបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦។នៅថ្ងៃទី ២១ សីហា អគាររដ្ឋបាលថ្មីនេះ នឹងប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមជាមួយវត្តមានថ្នាក់ដឹកនាំកំពូលៗរបស់ជាតិកម្ពុជាជាច្រើនរូប។

យោងតាមសេចក្តីជូនដំណឹងពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ពិធីសម្ពោធ«វិមានសាមគ្គីភាព»នឹងធ្វើឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រខ្មែរ អមជាមួយវត្តមានចូលរួមពី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច យួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

«វិមានសាមគ្គីភាព» គឺស្ថិតក្រោមការដឹកនាំកសាងដោយផ្ទាល់ពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វិមានថ្មីនេះ ត្រូវបានសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី និង សូត្រមន្តឡើងអគារថ្មី ដើម្បីសុំសេចក្តីសុខ។

អគារវិមានសាមគ្គីភាព នឹងក្លាយជាអគារប្រវត្តិសាស្រ្ត ដែលមានបណ្តោយប្រវែង ៧៩ម៉ែត្រ និង ទទឹងប្រវែង៤៧ម៉ែត្រ មានកម្ពស់បួនជាន់ សាងសង់ឡើងផ្អែកលើ«រចនាបទខ្មែរ»ទាំងស្រុង ហើយការសាងសង់អគារនេះ គឺបានប្រើប្រាស់ថវិកា ដែលទទួលបានពីការចូលរួមវិភាគទានរបស់សប្បុរសជននានា សមដូចឈ្មោះ «អគារវិមានសាមគ្គីភាព»៕

Khcct banner

អត្ថបទទាក់ទង