កំពង់ស្ពឺ៖ សម្ដេច ហ៊ុន ម៉ាណែត សម្រេចឱ្យយោធភូមិភាគទី៣ និង តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ការសម្រេចដូច្នេះ បន្ទាប់ពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។
យោងតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត បានចាប់អារម្មណ៍ពីសកម្មភាពរបស់លោក អ៊ុក វណ្ណដេ តាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់លោក ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តនានានាពេលកន្លងមក។ ក្រោយពីសម្ដេចបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង សម្ដេចបានកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់លោក អ៊ុក វណ្ណដេ ក្នុងការបង្កើតសមិទ្ធផលមួយនេះ ទោះជា មិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។
ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតិឲ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង លោក វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។
ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ សម្ដេច ហ៊ុន ម៉ាណែត បានសម្រេចឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ជាមួយគ្នានេះ សម្ដេចប្រគល់ភារកិច្ចជូនលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។
បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ ដើម្បីជួយសម្រាលបន្ទុកដល់សាលា សម្ដេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕