Swift cc time

ឥណ្ឌូនេស៊ី កោតសរសើរកម្ពុជាក្នុងការបង្ក្រាបបទល្មើសអនឡាញ Online Scams

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្តែងការអរគុណ និងផ្តល់កិត្តិយសដល់មន្ត្រីប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងមន្ត្រីអន្តោប្រវេសន៍កម្ពុជា ចំពោះ តួនាទីយ៉ាងសំខាន់ក្នុងការការពារ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលរងគ្រោះក្នុងបទល្មើសឆ្លងដែន ឱ្យបានត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។ នេះយោងតាមការបញ្ជាក់របស់មន្រ្តីស្ថានទូតឥណ្ឌូនេស៊ីប្រចាំភ្នំពេញក្នុងពិធីប្រារព្ធខួបលើកទី ៨១ នៃទិវាឯករាជ្យជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៧ ខែសីហា នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ស្ថានទូតក៏បានប្រគល់ពានរង្វាន់ «មិត្តឥណ្ឌូនេស៊ី» (Friend of Indonesia) ជូនដល់ ឯកឧត្តម ឆាយ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (CCOS) ព្រមទាំងបានជូនលិខិតសរសើរដល់មន្ត្រីអន្តោប្រវេសន៍កម្ពុជា និងក្រុមការងារសេវាកម្មដីគោក AirAsia នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ការជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍នេះ។

បើតាមលោក Krishnajie Partadiredja ប្រធានស្តីទីបេសកកម្មការទូតឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ ការពារជាតិ និងសេដ្ឋកិច្ច បានរុញច្រានទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើសពី ១ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយទាំងនេះគឺជាសសរទ្រូងដ៏រឹងមាំនៃទំនាក់ទំនងការទូតអាយុកាលជាង ៦៧ ឆ្នាំរវាងប្រទេសទាំងពីរ។ ទៅថ្ងៃអនាគត ប្រទេសទាំងពីរប្តេជ្ញាពង្រីកការប្រាស្រ័យទាក់ទងគ្នាតាមរយៈព្រឹត្តិការណ៍ «សួស្តី ឥណ្ឌូនេស៊ី» (Sousdey Indonesia) កម្មវិធីកសាងសមត្ថភាព ព្រមទាំងការបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងវិស័យទេសចរណ៍ទៅវិញទៅមក៕ 

Khcct banner

អត្ថបទទាក់ទង