ជប៉ុន៖ ទេសចរជនជាតិថៃម្នាក់រងភាពអាម៉ាស់ជាខ្លាំងបន្ទាប់ពីម្ចាស់បន្ទប់ជួលជនជាតិជប៉ុនម្នាក់បានបដិសេធមិនជួលបន្ទប់ឱ្យរូបគេស្នាក់នៅ ដោយម្ចាស់ផ្ទះបានលើកហេតុផលថា រូបគេរាងចាលនឹងភ្ញៀវជាជនជាតិថៃហើយ ព្រោះតែភ្ញៀវជាជនជាតិថៃ តែងតែបង្កបញ្ហាដដែលៗ ធ្វើឱ្យខូចខាតដល់សម្ភារៈក្នុងផ្ទះ និងគ្មានអនាម័យ ដូចជាចោលក្រដាសអនាម័យក្នុងអាងងូតទឹកបណ្តាលឱ្យស្ទះប្រព័ន្ធទឹក មិនយកសំរាមបោះចោលត្រឹមត្រូវ និងទុកបន្ទប់ចោលក្នុងស្ថានភាពកខ្វក់ខ្លាំង និងពេលចាកចេញវិញមិនបានរៀបចំសម្អាត ។
កាសែតថៃខាវស៊តបានរាយការណ៍ថា អ្នកទេសចរជនជាតិថៃម្នាក់បានចោទប្រកាន់ម្ចាស់ផ្ទះ Airbnb មួយកន្លែងក្នុងតំបន់ Asakusa ទីក្រុងតូក្យូ ថាបានបដិសេធមិនឱ្យនាងជួលបន្ទប់ ដោយសារតែនាងជាជនជាតិថៃ។ ស្ត្រីរូបនេះបានចែករំលែករូបភាពសារឆ្លើយឆ្លងក្នុងក្រុមបណ្តាញសង្គមអ្នកទេសចរ ដោយភាគីម្ចាស់ផ្ទះបានផ្ញើសារសុំទោស និងបញ្ជាក់ថា ម្ចាស់ផ្ទះសម្រេចចិត្តមិនទទួលភ្ញៀវថៃទៀត ដោយសារធ្លាប់មិនបទពិសោធន៍មិនល្អច្រើនដងជាមួយភ្ញៀវថៃ ដូចជាការធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ចោលក្រដាសអនាម័យក្នុងអាងងូតទឹកបណ្តាលឱ្យស្ទះប្រព័ន្ធទឹក មិនទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជាពិសេស ទុកបន្ទប់ចោលក្នុងស្ថានភាពកខ្វក់ខ្លាំង។ ការបង្ហោះនេះបានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅ ក្នុងចំណោមអ្នកទេសចរថៃ ដោយអ្នកខ្លះបានរះគន់ចំពោះកាយវិការមិនសមរម្យរបស់ភ្ញៀវមុនៗ ខណៈអ្នកខ្លះទៀតលើកឡើងថា ម្ចាស់ផ្ទះមិនគួរវាយតម្លៃជារួមដោយផ្អែកលើសញ្ជាតិនោះឡើយ។
បន្ថែមពីនេះម្ចាស់ផ្ទះ Airbnb ជនជាតិថៃម្នាក់បានបញ្ចេញមតិថា ការបដិសេធភ្ញៀវដោយផ្អែកលើសញ្ជាតិ គឺជាការរំលោភលើគោលការណ៍របស់ Airbnb និងរាប់ចូលជាការរើសអើង ហើយម្ចាស់ផ្ទះគួរតែពិនិត្យលើប្រវត្តិ និងការវាយតម្លៃ (Reviews) របស់ភ្ញៀវម្នាក់ៗវិញ។ ហេតុការណ៍នេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យក្រៅពីប្រភពរូបភាពសារឆ្លើយឆ្លងដែលបានចែករំលែកនៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថាតើក្រុមហ៊ុន Airbnb បានពិនិត្យមើល ឬមានចំណាត់ការផ្លូវការណាមួយចំពោះករណីនេះដែរ៕