Swift cc time

រដ្ឋសភាកម្ពុជា កំណត់យកថ្ងៃទី២០ ខែសីហា បន្ដប្រជុំពិនិត្យ និងអនុម័តវិសោធនកម្មច្បាប់រដ្ឋបាលឃុំ សង្កាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពរបស់ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័តកំណត់យកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ សំដៅពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់»។

យោងតាមសេចក្តីរបស់រដ្ឋសភា «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ២០០១ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ដើម្បីបង្កើតរដ្ឋបាលមូលដ្ឋាន និងបើកផ្លូវដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដំណើរការធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យស្របតាមកម្មវិធីជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ខ្លឹមសារនៃច្បាប់នេះ បានកំណត់លម្អិតអំពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងមេឃុំ ចៅសង្កាត់ សំដៅឆ្លើយតបឱ្យកាន់តែរហ័ស និងចំទិសដៅចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ ក៏មានសង្គតិភាពយ៉ាងជិតស្និទ្ធជាមួយ «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» និងផែនការយុទ្ធសាស្ត្រជាតិ ដោយធានាថា រាល់ការផ្ទេរមុខងារត្រូវភ្ជាប់មកជាមួយនូវកញ្ចប់ថវិកាទ្រទ្រង់យ៉ាងច្បាស់លាស់។

លើសពីនេះ សេចក្តីព្រាងច្បាប់ខាងលើ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការគិតគូរដល់ការពង្រឹងឋានៈ និងតួនាទីរបស់ស្មៀនឃុំ សង្កាត់ ព្រមទាំងការតែងតាំង និងការគ្រប់គ្រងមន្ត្រីនៅថ្នាក់មូលដ្ឋានឱ្យស្ថិតក្រោមក្របខណ្ឌមុខងារសាធារណៈប្រកបដោយស្តង់ដារ មានគណនេយ្យភាព តម្លាភាព តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មផងដែរ៕


Khcct banner

អត្ថបទទាក់ទង