Swift cc time

កញ្ញា កឹម មនោវិទ្យា ចេញសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ក្រោយក្លាយជា«ប្រេសិតពិសេស»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កញ្ញា កឹម មនោវិទ្យា

ភ្នំពេញ៖កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានចេញសារថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលបានចេញព្រះរាជក្រឹត្យតែងតាំងជា «ប្រេសិតពិសេស»របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្រ្តី។

កញ្ញា​ កឹម មនោ​វិទ្យា ជា​កូនស្រី​ច្បង​របស់លោក ​កឹម សុខា អតីតប្រធានគណបក្ស​សង្រ្គោះជាតិ។កញ្ញាក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង មានតំណែងជាអនុប្រធាន​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្រ្គោះជាតិ និងជាជំនួយការផ្ទាល់របស់អ្នកស្រី មូរ សុខហួរ។

នៅថ្ងៃទី ១៧ សីហានេះ កញ្ញា​ កឹម មនោ​វិទ្យា ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជា «ប្រេសិតពិសេស»របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្រ្តី។ ការតែងតាំងនេះ ធ្វើឡើងក្រោយពីគេសង្កេតឃើញថា កញ្ញា រួមទាំងលោក កឹម សុខា ជាឪពុក និងក្រុមគ្រួសារទាំងមូល បានបង្ហាញពីភាពស្និទ្ធស្នាល និងបានជួបសម្តេច ហ៊ុន សែន សម្តេច ហ៊ុន ម៉ាណែត និងចុងក្រោយជួបជាមួយសម្តេច ម៉ែន សំអន។

លោកបណ្ឌិត គិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រានយោបាយ បានចាត់ទុកការតែងតាំងនេះ គឺជាភាពវិជ្ជមាននៃនយោបាយខ្មែរ។វិជ្ជមាន ព្រោះថា រាជរដ្ឋាភិបាលអាចកៀរគរធនធានបញ្ញវន្តជាតិពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមធ្វើការ ដើម្បីផលប្រយោជន៍ជាតិ ដោយមិនគិតពីភាពខ្វែងគំនិតក្នុងអតីតកាល និន្នាការនយោបាយ និងភាពខុសគ្នាខាងទស្សនៈ។សម្រាប់លោកបណ្ឌិត សហគមន៍អន្តរជាតិក៏ទំនងជាស្វាគមន៍ការវិវត្តទិដ្ឋភាពនយោបាយខ្មែរចុងក្រោយនេះ និងអាចរួមចំណែកធ្វើឱ្យបរិយាកាសនយោបាយនៅកម្ពុជា មានលក្ខណៈបើកចំហ បរិយាបន្ន និង ផ្អែកលើការសន្ទនា។

លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា នេះអាចជាសញ្ញាវិជ្ជមានមួយនៃការកសាងវប្បធម៌នយោបាយថ្មី ដែលលើកទឹកចិត្តឱ្យខ្មែរស្វែងរកចំណុចរួម និងធ្វើការជាមួយគ្នា ដោយយកផលប្រយោជន៍ជាតិ និង ប្រជាជនជាគោល។តែលោកព្រមានថា បើកិច្ចសហការរវាងអ្នកនយោបាយធ្វើឡើងគ្រាន់តែ ដើម្បីការចែករំលែកអំណាច ឬការដោះដូរផលប្រយោជន៍នយោបាយ ដោយមិនបង្កើតលទ្ធផលជាក់ស្ដែងសម្រាប់ជាតិ និងប្រជាជនទេនោះ ការវិវត្តនេះនឹងមិននាំមកនូវតម្លៃបន្ថែមដល់វប្បធម៌សន្ទនាឬការកសាងសង្វៀននយោបាយថ្មីឡើយ៕


Khcct banner

អត្ថបទទាក់ទង