Swift cc time

ស្ត្រីផលិតមាតិកាម្នាក់ ត្រូវ«ត្រីឆ្លាមខាំធ្ងន់ធ្ងរ» ព្រោះតែចង់ថតរូបបង្ហោះលើបណ្តាញសង្គម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប្រេស៊ីល៖ ស្ត្រីផលិតមាតិកាលើបណ្តាញសង្គម (Influencer) ជនជាតិប្រេស៊ីលម្នាក់ ឈ្មោះ Tayane Dalazen ត្រូវបានត្រីឆ្លាម Nurse Shark ខាំភ្លៅយ៉ាងធ្ងន់ធ្ងរ ខណៈពេលនាងចុះមុជទឹកនៅក្បែរកន្លែងដែលគេដាក់ចំណីនុយទាក់ទាញត្រីឆ្លាម។ នេះមិនមែនជាករណីដំបូងឡើយ កន្លងមកក៏មានករណីអ្នកនេសាទម្នាក់ស្ទើរតែបាត់បង់ជើង និងអ្នកទេសចរខ្លះទៀតត្រូវខាំដាច់ដៃ ឬបាត់បង់ជីវិត នៅពេលព្យាយាមថតរូប «Selfie» ជាមួយសត្វឆ្លាមនៅក្នុងទឹក។ ទិន្នន័យពីអ្នកជំនាញវិទ្យាសាស្ត្រសមុទ្របានបង្ហាញថា ករណីមនុស្សត្រូវសត្វឆ្លាមខាំបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលភាគច្រើនបណ្តាលមកពីអ្នកបង្កើតមាតិកា និងអ្នកទេសចរព្យាយាមចូលទៅជិត ស្ទាប ឬថតរូបជាមួយពួកវា។

យោងតាមការចេញផ្សាយរបស់កាសែត BBC ក្រុមអ្នកវិទ្យាសាស្ត្រជីវសាស្ត្រសមុទ្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនិន្នាការផលិតវីដេអូប្រឈមហានិភ័យបែបនេះ ដោយពួកគេចាត់ទុកថាការប្រកាសអាសន្នជារឿងចាំបាច់ ព្រោះឆ្លាមជាសត្វប្រមាញ់កំពូល (Apex Predator) ដែលអាចវាយប្រហារដើម្បីការពារដែនដីរបស់វា នៅពេលមនុស្សចូលទៅជិតពេក។

ក្រុមអ្នកវិទ្យាសាស្ត្រ បានបានគូសបញ្ជាក់ថា ការចូលទៅរំខាន ឬប៉ះពាល់រាងកាយសត្វឆ្លាម ថែមទាំងបង្កឱ្យពួកវាកើតសម្ពាធកម្រិតធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ ការបន្តពូជ និងការរស់រានមានជីវិតរបស់ពួកវា។ ផ្ទុយពីការអះអាងរបស់អ្នកបង្កើតមាតិកាមួយចំនួនដែលថា ការធ្វើបែបនេះដើម្បីជួយផ្សព្វផ្សាយពីការអភិរក្ស អ្នកជំនាញបានបដិសេធ និងចាត់ទុកថាជាការបង្កើតរូបភាពខុសឆ្គងដែលនាំឱ្យសាធារណជនមើលស្រាលហានិភ័យខ្លាំងពេក។

គួរបញ្ជាក់ថា សេវាកម្មទេសចរណ៍ «មុជទឹកជាមួយឆ្លាម» កំពុងកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំង ទោះបីជាអត្រាការវាយប្រហារដោយមិនមានការរំខានពីមនុស្ស នៅតែមានកម្រិតទាបប្រមាណ ៧០ ករណីក្នុងមួយឆ្នាំៗ។ អ្នកជំនាញបានព្រមានថា ការចូលទៅជិតសត្វព្រៃដ៏កាចសាហាវដើម្បីតែរូបថត ឬវីដេអូទាក់ទាញ viewers លើបណ្តាញសង្គម គឺជាទង្វើប្រកបដោយគ្រោះថ្នាក់ ហើយរូបថតដ៏ល្អឥតខ្ចោះទាំងនោះ អាចនឹងត្រូវដោះដូរមកវិញដោយការឈឺចាប់ ឬគ្រោះថ្នាក់ដល់ជីវិត៕

Khcct banner

អត្ថបទទាក់ទង