Swift cc time

CNN៖ ចិន-រុស្ស៊ី ងាករកគ្នាពង្រឹងយុទ្ធសាស្ត្រថាមពល និងសេដ្ឋកិច្ចតាម «ផ្លូវសមុទ្រប៉ូលខាងជើង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

រុស្ស៊ី៖ អត្ថបទវិភាគមួយរបស់បណ្តាញព័ត៌មានអន្តរជាតិ CNN បានរាយការណ៍ថា ផ្លូវសមុទ្រភាគខាងជើង (Northern Sea Route - NSR) របស់រុស្ស៊ី បានក្លាយជាច្រករបៀងសេដ្ឋកិច្ច និងថាមពលដ៏សំខាន់រវាងរុស្ស៊ី និងចិន។ ទោះជាត្រូវរងទណ្ឌកម្មពីលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងប្រឈមនឹងវិបត្តិនយោបាយនៅមជ្ឈិមបូព៌ា ដែលបានរំខានដល់ផ្លូវពាណិជ្ជកម្មជើងទឹកពិភពលោក រុស្ស៊ីនៅតែអាចប្រើប្រាស់ផ្លូវសមុទ្រតំបន់អាកទិកនេះ ដើម្បីដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងកាតដែលជាប់ទណ្ឌកម្មអាម៉េរិក (រួមទាំងគម្រោង Arctic LNG-2) ដោយផ្ទេរតាមកប៉ាល់នៅតំបន់ Kamchatka រួចបន្តដឹកមកកាន់កំពង់ផែរបស់ចិន។ ការណ៍នេះ បានជួយទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចរបស់រុស្ស៊ី និងពង្រឹងសន្តិសុខថាមពលរបស់ចិន ដោយការនាំចូល LNG របស់ចិនពីរុស្ស៊ី បានកើនឡើងជិត ២៨% ក្នុងឆមាសទីមួយ។

យោងតាមប្រភពដដែល ក្រុមហ៊ុននាវាចរណ៍ចិន ដូចជា Sea Legend និង New New Shipping បានចាប់ផ្តើមបើកខ្សែផ្លូវដឹកជញ្ជូនទំនិញជាទៀងទាត់រវាងចិន រុស្ស៊ី និងអឺរ៉ុប តាមផ្លូវអាកទិកនេះ។ ការប្រើប្រាស់ផ្លូវ NSR អាចកាត់បន្ថយពេលវេលាដឹកជញ្ជូនមកត្រឹមប្រមាណ ២០ ថ្ងៃ ដែលលឿនជាងផ្លូវព្រែកជីកស៊ុយអេ (Suez Canal) ជិតពាក់កណ្តាល និងជៀសវាងហានិភ័យភូមិសាស្ត្រនយោបាយនៅតំបន់ភាគខាងត្បូង។

ផ្លូវសមុទ្រនេះ បានសម្រួលដល់ការនាំចេញទំនិញឧស្សាហកម្ម រថយន្តអគ្គិសនី និងផ្ទាំងសូឡារបស់ចិន ទៅកាន់ទីផ្សារអឺរ៉ុប និងរុស្ស៊ី ហើយជាថ្នូរមកវិញ ចិនបាននាំចូលវត្ថុធាតុដើមពីរុស្ស៊ី។

គួរបញ្ជាក់ថា សកម្មភាពកើនឡើងរបស់ចិននៅក្នុងតំបន់ប៉ូលខាងជើង ក្រោមគំនិតផ្តួចផ្តើម «ផ្លូវសូត្រប៉ូល (Polar Silk Road)» បានរងការព្រមានពីសំណាក់អាម៉េរិក និងអង្គការ NATO ដោយពួកគេព្រួយបារម្ភថា បេសកកម្មស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការល្បាតជើងទឹកសមុទ្ររួមគ្នារវាងចិន និងរុស្ស៊ី អាចឈានទៅរកការប្រើប្រាស់ក្នុងវិស័យយោធានាពេលអនាគត។ ទោះបីជាត្រូវប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំង ហានិភ័យបរិស្ថាន និងការប្រុងប្រយ័ត្នលើបញ្ហាទណ្ឌកម្ម ចិននិងរុស្ស៊ីនៅតែបន្តជំរុញផែនការប្រើប្រាស់ផ្លូវសមុទ្រនេះឱ្យកាន់តែសកម្មបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង