ភ្នំពេញ៖ តំណាងវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃគូ (Haikou Silk Road Academy of Social Sciences) នៃសាធារណរដ្ឋប្រជាមានិតចិន បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្ដានុពលកសិផលកម្ពុជា ជាពិសេសដំឡូងមីចំណិត និងកៅស៊ូ ដើម្បីស្វែងរកលទ្ធភាពនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤សីហាកន្លងទៅថ្មីៗនេះ។
បើតាមក្រសួងពាណិជ្ជកម្ម ជំនួបនេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ» (Belt and Road Initiative) របស់សាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនេះ លោក ម៉ៅ ថូរ៉ា បានផ្ដល់ព័ត៌មាន និងឆ្លើយតបចំពោះចំណុចសំខាន់ៗដែលភាគីចិនបានលើកឡើង ពាក់ព័ន្ធនឹងការស្វែងយល់អំពីសក្ដានុពលកសិផលកម្ពុជា ការស្វែងរកឱកាសក្នុងការតភ្ជាប់ និងបង្កើតភាពជាដៃគូធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ និងអភិវឌ្ឍទីផ្សារតាមប្រព័ន្ធឌីជីថល។
ជាមួយគ្នានេះ លោក Qiu Wenxu អនុប្រធានប្រតិបត្តិ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃគូ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្ដានុពលកសិផលកម្ពុជា ជាពិសេសដំឡូងមីចំណិត និងកៅស៊ូ ដើម្បីស្វែងរកលទ្ធភាពនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការតភ្ជាប់ និងអភិវឌ្ឍទីផ្សាររវាងប្រទេសទាំងពីរ៕