បន្ទាយមានជ័យ៖ កម្លាំងចម្រុះ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) ចំនួន ៣កន្លែងផ្សេងគ្នា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនសង្ស័យ ១៤៥នាក់ រួមទាំងជនបរទេស និងជនជាតិខ្មែរ ព្រមទាំងរឹបអូសសម្ភារៈជាច្រើនសម្រាប់ធ្វើសកម្មភាព។
ការបង្ក្រាបទីតាំងសង្ស័យទាំងនេះ រួមមាន ទីតាំងទី១ ដែលជាផ្ទះវីឡា ២កន្លែងជាប់គ្នា ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មិនត្រូវបានរកឃើញជនសង្ស័យ ឬសម្ភារៈប្រព្រឹត្តបទល្មើសឡើយ។ ក្រុមជំនាញបានអប់រំម្ចាស់ទីតាំង និងអនុញ្ញាតឱ្យរស់នៅធម្មតា។ ទីតាំងទី២ ដែលជាផ្ទះជួល ២ល្វែង កម្ពស់ ៣ជាន់ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុមជំនាញបានរកឃើញជនជាតិខ្មែរ ២ នាក់ (ប្រុស) និងមានដានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងនោះ មានសម្ភារៈដកហូតរួមមាន ទូរស័ព្ទដៃ ៥គ្រឿង កុំព្យូទ័រយួរដៃ ២គ្រឿង CPU ១គ្រឿង ម៉ូនីទ័រ ១គ្រឿង ស៊ីមកាតខ្មែរ ៤៥ សន្លឹក និងដុំ WIFI ១ គ្រឿង។ ជនជាតិខ្មែរទាំង ២ នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរនិងបន្តនីតិវិធី ហើយទីតាំងនេះត្រូវបានបិទ។
ចំណែកឯទីតាំងទី២ គឺជាអគារកម្ពស់ ៧ ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ទីតាំងនេះ ក្រុមជំនាញរកឃើញជនបរទេស ១៣៣នាក់ (ស្រី ៥១ នាក់) ដែលមាន ៣ សញ្ជាតិ រួមមាន ជនជាតិវៀតណាម ៨២ នាក់ (ស្រី ២៦ នាក់) ជនជាតិចិន ១៨ នាក់ (ស្រី ២ នាក់) និងជនជាតិថៃ ៣៣ នាក់ (ស្រី ១៦ នាក់)។ ក្រៅពីនេះ ក៏មានជនជាតិខ្មែរ ១៤ នាក់ (ស្រី ៧ នាក់) ផងដែរ។ សមត្ថកិច្ចបានរកឃើញ និងរឹបអូសសម្ភារៈប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន ទូរស័ព្ទដៃ ២០២គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង CPU ៣០គ្រឿង ម៉ូនីទ័រ ៩៦គ្រឿង កុំព្យូទ័រ All-in-One ៣១៣ គ្រឿង និងកាតការងារ ៨សន្លឹក។
ជនសង្ស័យទាំង ១៤៥នាក់ (ខ្មែរ ១៤ នាក់) ត្រូវបានបញ្ជូនទៅមណ្ឌលកងក្រុងសិរីសោភ័ណ ចំណែកជនជាតិវៀតណាម ២ នាក់ (ស្រី) ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ត្រៀមបញ្ជូនបន្តទៅមណ្ឌលកងក្រុងសិរីសោភ័ណ។ វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕