Swift cc time

ថៃ យកដីខ្មែរនៅភូមិជោគជ័យ ចែកពលរដ្ឋខ្លួន! កម្ពុជា តវ៉ាចំពោះទង្វើខុសច្បាប់នេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ដោយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃបានធ្វើការបែង ចែកដីធ្លីមួយជុំថ្មីដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពនេះថា ជាសកម្មភាពរដ្ឋបាលខុសច្បាប់ ដែលប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ថៃនៅក្នុងតំបន់ ខណៈប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានបណ្តេញចេញពីលំនៅឋាន និងដីស្រែចម្ការ នៅមិនទាន់អាចវិលត្រឡប់ដោយសុវត្ថិភាពបាននៅឡើយ។

កម្ពុជាបញ្ជាក់ថា សកម្មភាពនេះប៉ះពាល់ដល់ដំណើរការកំណត់ខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) និងរំលោភលើកិច្ចព្រមព្រៀងពាក់ព័ន្ធ រួមមាន MoU ឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំ JBC ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមរបស់ GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជា បានបញ្ជាក់ជាថ្មីថា ខ្លួនមិនទទួលស្គាល់ការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ ហើយសកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិរបស់ខ្លួននោះទេ។

កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពនៅតំបន់ខាងលើ និងតំបន់ផ្សេងទៀតដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ដោយខុសច្បាប់ ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កើនទំនុកចិត្ត និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។

កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់គោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕


Khcct banner

អត្ថបទទាក់ទង