Swift cc time

អ្នកផ្សះផ្សាបញ្ហាសមុទ្រកម្ពុជា-ថៃតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា យន្តការ UNCLOS

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី Katrina Cooper 

ភ្នំពេញ៖ អ្នកផ្សះផ្សាបញ្ហាដែនសមុទ្រកម្ពុជា-ថៃ ចំនួន៤នាក់ បានសម្រេចតែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្រប​តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ក្រសួងការបរទេសកម្ពុជា បានប្រកាសស្វាគមន៍​ចំពោះការតែងតាំងនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា បានថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែល​បាន​យល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការ​ផ្សះផ្សា​ជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។បន្ថែមពីនេះ កម្ពុជា ក៏បានថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុត​នូវដំណើរការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា។

កម្ពុជា ចាត់ទុកការតែងតាំងថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរ​ការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជាហើយកម្ពុជា ជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយ​ការខ្វែងគំនិតគ្នា​លើបញ្ហាព្រំដែនសមុទ្រ ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេង និង ឧស្ម័នដ៏ច្រើននៅ​ក្នុងតំបន់ទាមទារលើដែនសមុទ្រត្រួតគ្នា។កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះការដោះស្រាយបញ្ហាលើដែន​សមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយនឹងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការ​ផ្សះ​​ផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS។

គួរបញ្ជាក់ថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS  រួមមានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប។ កម្ពុជាបានតែងតាំង ​ឯកអគ្គ​រដ្ឋទូត Peter Taksøe-Jensen និង សាស្ត្រាចារ្យ Jean-Marc Thouvenin។ ចំណែកប្រទេសថៃ តែងតាំងចៅក្រម Rudiger Wolfrum និង Albert Hoffmann ជា អ្នកផ្សះផ្សា។អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការ ផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង។ ពេលនេះមានការរៀបចំគណៈកម្មការផ្សះផ្សារួចរាល់ហើយ ដំណើរការផ្សះផ្សារំពឹងថានឹង បន្តការងារទៅមុខជាមួយនឹងការកោះប្រជុំជាលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង