ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំស្តីពី ការទប់ស្កាត់ការយកកុមារ ទៅបង្កើតមាតិកាតាមបណ្តាញសង្គមដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីទាក់ទាញការចាប់អារម្មណ៍ការកម្សាន្ត ឬ រកប្រាក់ចំណូល។ ក្នុងសេចក្តីណែនាំនេះ ក្រសួងសង្គមកិច្ចចាត់ទុកការយកកុមារទៅបង្កើតមាតិកាមិនសមរម្យលើបណ្តាញសង្គម ជាសកម្មភាពផ្ទុយពីអនុសញ្ញាអន្តរជាតិ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
បើតាមក្រសួងសង្គមកិច្ច បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការផលិត ការបង្ហោះ ការចែកចាយ និងការចែករំលែកបន្តនូវរូបភាព ឬវីដេអូអាសអាភាសរបស់កុមារតាមបណ្តាញសង្គម និងកម្មវិធីផ្ញើសារផ្សេងៗ។ លើសពីនេះ អ្នកបង្កើតមាតិកាខ្មែរដែលជាបុគ្គលល្បីៗមួយចំនួនបានយកកុមារទៅសម្តែង ឬថតវីដេអូ ផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមដើម្បីទាក់ទាញចំណាប់អារម្មណ៍ កម្សាន្ត ឬរកប្រាក់ចំណូល ដោយប្រើប្រាស់ពាក្យពេចន៍ កាយវិការ ឬសកម្មភាពមិនសមរម្យ។
សម្រាប់ក្រសួងសង្គមកិច្ច សកម្មភាពទាំងនេះគឺ ផ្ទុយពីអនុសញ្ញាអន្តរជាតិ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ក្រសួងសង្គមកិច្ចបានណែនាំដល់អ្នកបង្កើតមាតិកា វិស័យឯកជន និងសាធារណៈជនដែលយកកុមារទៅថតរូប ឬវីដេអូ ត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីកុមារផ្ទាល់ ឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារ។ ទន្ទឹមនេះ ពួកគេក៏ត្រូវតែធានាថា គ្រប់រូបថត វីដេអូ ការដាក់តាំងបង្ហាញរូបថត វីដេអូ ឬរូបភាពដទៃទៀតរបស់កុមារជាការបង្ហាញភាពស្មោះត្រង់ពីបរិបទ តថភាពលក្ខណៈជាការគោរព និងរក្សាបាននូវភាពថ្លៃថ្នូរ ព្រមទាំងប្រើប្រាស់តែក្នុងគោលបំណងផ្លូវការ។
ក្រសួងសង្គមកិច្ចបានហាមដាច់ខាត ការផលិតមាតិកាដែលបង្ហាញកុមារក្នុងលក្ខណៈផ្លូវភេទ ក្នុងស្ថានភាពទុក្ខព្រួយ អាម៉ាស់ ឬគ្រោះថ្នាក់ដើម្បីទាក់ទាញការចាប់អារម្មណ៍ ព្រមទាំងជៀសវាងការបង្ហាញព័ត៌មានអត្តសញ្ញាណរបស់កុមារដូចជា សាលារៀន និងទីលំនៅជាដើម។ បន្ថែមពីនេះ ក្រសួងសង្គមកិច្ចក៏តម្រូវឱ្យមានការចូលរួមទប់ស្កាត់ការផលិតមាតិកាលើបណ្តាញសង្គមដែលបង្កផលប៉ះពាល់ដល់កុមារនេះពីសំណាក់បណ្តាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម និងគ្រប់វិស័យឯកជនដែលផ្តល់សេវាអ៊ីនធឺនែតផងដែរ។
ក្នុងករណីមិនអនុវត្តតាមការណែនាំ ក្រសួងសង្គមកិច្ចនឹងចាត់វិធានការតាមច្បាប់លើអ្នកដែលនៅតែបន្តយករូបភាព ឬវីដេអូកុមារទៅប្រើប្រាស់តាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ច្បាប់ និងឧត្តមប្រយោជន៍របស់កុមារ៕