Swift cc time

សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក១៦ប្រទេស អនុម័ត«សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តំណាងសមាជិកសភាមកពី ១៦ ប្រទេសទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានប្រកាសអនុម័តជាផ្លូវការនូវ «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំលើកទី ៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPFGH) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ ២០២៦។

សេចក្តីថ្លែងការណ៍រួមភ្នំពេញនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួមគ្នាយ៉ាងមោះមុត ក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC)តាមរយៈការដោះស្រាយបញ្ហាប្រឈមស្នូលពីរគឺ ការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI ប្រកបដោយអភិបាលកិច្ច និងសីលធម៌ ព្រមទាំង ការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសមធម៌និងកិច្ចការពារដល់ក្រុមមនុស្សងាយរងគ្រោះទូទាំងតំបន់រាប់ទាំងជនភៀសសឹកដោយសារសង្គ្រាមផងដែរ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ រយៈពេល ៣ថ្ងៃ ដែលសភាកម្ពុជា សហការជាមួយអង្គការសុខភាពពិភពលោក (WHO) រៀបចំធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា ជាមួយនឹងការឯកភាពជាឯកច្ឆន្ទអនុម័តនូវ «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។ សេចក្តីប្រកាសនេះ មានគោលដៅប្រែក្លាយកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនទាននានាឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់៕


Khcct banner

អត្ថបទទាក់ទង