Swift cc time

កម្ពុជាស្វាគមន៍ ចំពោះ«សមយុទ្ធយោធា»រវាងកងទ័ព កម្ពុជា-អាម៉េរិក នៅឆ្នាំ២០២៧

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel)រវាងកងទ័ព កម្ពុជា-អាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧។តាមរយៈសមយុទ្ធយោធានេះនឹងជួយឱ្យកងទ័ពខ្មែរកាន់តែមានសមត្ថភាព ហើយចំណងមិត្តភាពរវាងកងទ័ព កម្ពុជា និងអាម៉េរិកកាន់តែរឹងមាំ។ការថ្លែងរបស់មេដឹកនាំកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចជួបជាមួយ អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម​ សហរដ្ឋអាម៉េរិក គឺលោក Elbridge A. Colby។

ក្នុងជំនួបនោះ សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី​ សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ ដោយអាម៉េរិក ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។

សម្តេច ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។សម្រាប់សម្តេច ចាត់ទុកសមយុទ្ធយោធានេះ មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរ។​

គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលនោះទេ កម្ពុជា-អាម៉េរិក នឹងរៀបចំ«សមយុទ្ធយោធា»រួមគ្នាឡើងវិញទាំង ជើងគោក និងជើងទឹក។សមយុទ្ធលើផ្ទៃទឹក ឬហៅថា ការ៉ាត់ (Carat) និង សមយុទ្ធកងទ័ពជើងគោកដែលមានឈ្មោះថា «ឆ្មាំអង្គរ» នៅឆ្នាំ២០២៧។ សមយុទ្ធឆ្មាំអង្គរ កម្ពុជា-អាម៉េរិក ខកខានអស់ជិត ១០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៧។

អ្នកជំនាញភូមិសាស្ត្រនយោបាយ បានចាត់ទុក«សមយុទ្ធយោធា»នេះ ជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ ក្នុងវិស័យយោធា ខណៈសមយុទ្ធនេះ ត្រូវបានខកខានមួយរយៈដោយសារទិដ្ឋភាពផ្សេងៗ។ ដូច្នេះ ការធ្វើឱ្យមានទំនាក់ទំនងឡើងវិញ រួមទាំងធ្វើឱ្យសមយុទ្ធនេះបង្ហាញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាម៉េរិក។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត លោក Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម​ សហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក​ នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត៕

Khcct banner

អត្ថបទទាក់ទង