អាម៉េរិក៖ លោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមអាម៉េរិកទទួលបន្ទុកគោលនយោបាយ នឹងមកដល់កម្ពុជាយប់នេះ ហើយស្អែកនឹងមានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ដើម្បីពិភាក្សាស្វែងរកពង្រឹងទំនាក់ទំនងផ្នែកការពារជាតិនៃប្រទេសទាំងពីរ។នេះបើយោងតាមប្រសាសន៍របស់លោកថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃទី ១៣ សីហា។
មុនហោះមកកាន់ប្រទេសកម្ពុជា លោក Elbridge A. Colby បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងមកដល់ប្រទេសកម្ពុជានាយប់នេះ ហើយព្រឹកស្អែកនឹងមានកិច្ចប្រជុំ តែលោកមិនបានប្រាប់ថា ប្រជុំជាមួយភាគីណាខ្លះនោះទេ។សម្រាប់ លោក Elbridge A. Colby វត្តមានរបស់លោកមកកាន់កម្ពុជាពេលនេះ គឺអាម៉េរិកកំពុងទន្ទឹងរង់ចាំធ្វើការដើម្បីពង្រីកភាពជាដៃគូការពារជាតិជាមួយកម្ពុជា ដើម្បីជួយកម្ពុជាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពរបស់ខ្លួន ហើយផ្អែកលើមូលដ្ឋានជាក់ស្តែង។
មន្ត្រីជាន់ខ្ពស់អាម៉េរិករូបនេះ បានបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិក មានការពេញចិត្តចំពោះវឌ្ឍនភាព និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចប្រជុំស្អែកនេះ ក្នុងការឈានទៅរកការបន្តកិច្ចសហប្រតិបត្តិការយោធារួមគ្នា រួមទាំងការរៀបចំសមយុទ្ធយោធាឡើងវិញ ដើម្បីធានាបាននូវកិច្ចសហការស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់រវាងប្រទេសទាំងពីរ៕