ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១.២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង២១៣ករណី ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់កើន ៧៩នាក់ស្មើ ១១ភាគរយ និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
តាមរបាយការណ៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែសីហានេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមករណីសោកនាដកម្មទាំងនោះ បណ្ដាលមកពីការបើកបរល្មើសល្បឿន មាន៤៦ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ បត់មិនប្រយ័ត្ន ៦ភាគរយ ស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍ ២ភាគរយ និងកត្តាយានយន្ត១ភាគរយ។
ជាការកត់សម្គាល់ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ អ្នកជិះម៉ូតូមានរហូតដល់៨០ភាគរយ ក្នុងនោះមិនបានពាក់មួកសុវត្ថិភាពមានចំនួន ៦៣ភាគរយ ខណៈគ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញមានចំនួន ៤៦១ លើក ខេត្តព្រះសីហនុ ៩២លើក កណ្តាល ៧៥លើក កំពង់ស្ពឺ ៥៧លើក និងខេត្តស្វាយរៀង ៥៥លើក។
សូមបញ្ជាក់ថា ត្រឹមតែក្នុងរយៈពេល១០ថ្ងៃដើមខែសីហានេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យអ្នកដំណើរ៥២នាក់ស្លាប់ និង៧៥អ្នកទៀតរងរបួសធ្ងន់ស្រាល។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទចោទនារយៈពេលចុងក្រោយនេះ។ បញ្ហាចោទ គឺដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ច មិនបានអនុវត្តច្បាប់មួយរយៈ៕