ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសមាគម ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន៩រូប ចូលរួម «ពិធីបើកជាផ្លូវការ ពិព័រណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងឧស្សាហកម្មប្លាស្ទិក កៅស៊ូ បោះពុម្ព និងវេចខ្ចប់ កម្ពុជា–អន្តរជាតិ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍នេះបានប្រមូលផ្តុំក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាង ២០០ ក្រុមហ៊ុន ដើម្បីតាំងបង្ហាញបច្ចេកវិទ្យា គ្រឿងចក្រ និងគ្រឿងម៉ាស៊ីនទំនើប ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងដំណោះស្រាយនវានុវត្តន៍ សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យកម្មន្តសាល និងផលិតកម្មនៅកម្ពុជា។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងពិព័រណ៍ឧស្សាហកម្មកម្ពុជា–អន្តរជាតិ ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការពង្រឹងបណ្តាញធុរកិច្ច ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងបង្កើតឱកាសសម្រាប់សមាជិកក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគថ្មីៗ។ ជាមួយគ្នានេះ ការចូលរួមក្នុងវេទិកាឧស្សាហកម្មអន្តរជាតិនេះ ក៏ជាឱកាសសម្រាប់សមាគមក្នុងការភ្ជាប់វិស័យឯកជនកម្ពុជាជាមួយបច្ចេកវិទ្យា អ្នកផ្គត់ផ្គង់ និងដៃគូអន្តរជាតិ ដើម្បីរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យផលិតកម្មនៅកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅកាន់ឧស្សាហកម្មដែលមានភាពចម្រុះ ផ្អែកលើបច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។
តាមរយៈការចូលរួមជាបន្តបន្ទាប់ក្នុងវេទិកាធុរកិច្ច និងឧស្សាហកម្មជាតិ និងអន្តរជាតិ សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញការតភ្ជាប់រវាងសមាជិក និងដៃគូអាជីវកម្ម ព្រមទាំងរួមចំណែកក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។
គួរបញ្ជាក់ថា ពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ និងរួមមាន ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2026), ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ (CTG 2026) និង ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ បោះពុម្ព និងវេចខ្ចប់កម្ពុជាអន្តរជាតិ លើកទី១០។ ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ពង្រឹងភាពជាដៃគូធុរកិច្ច និងបង្កើតឱកាសវិនិយោគថ្មីៗក្នុងវិស័យផលិតកម្ម៕