ភ្នំពេញ៖ ចិន អាម៉េរិក វៀតណាម នៅតែជាដៃគូពាណិជ្ជកម្មឈានមុខទាំងបីរបស់កម្ពុជា រយៈពេល៧ខែ ឆ្នាំ២០២៦។ ក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានប្រមាណ ១៣,៦ ពាន់លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ៩,៤ ពាន់លានដុល្លារ និងទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ៥,៣ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍។
បើតាមរបាយការណ៍ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានការកើនឡើង ២៣.៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះកម្ពុជាសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណ ១,១ ពាន់លានដុល្លារ កើនឡើង ២៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ប្រមាណ ១២,៥ ពាន់លានដុល្លារ កើនឡើង ២៣.៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ចំពោះទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ មានការកើនឡើង ៣២.២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះកម្ពុជាសម្រេចការនាំចេញទៅអាម៉េរិកក្នុងទឹកប្រាក់ប្រមាណ ៩ ពាន់លានដុល្លារ កើនឡើង ៣០.៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៣៧៦ លានដុល្លារ កើនឡើង ៨៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
រីឯទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានប្រមាណ ៥,៣ ពាន់លានដុល្លារ កើនឡើង ៨.២១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះកម្ពុជាសម្រេចការនាំចេញទៅវៀតណាមក្នុងទឹកប្រាក់ប្រមាណ ២,៧ ពាន់លានដុល្លារ កើនឡើង ១២.៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ២,៦ ពាន់លានដុល្លារ កើនឡើង ៤.២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។
ចំណែកមុខទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានដូចជា៖ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គ្រឿងឧបភោគបរិភោគ យានយន្ត និងគ្រឿងចក្រ សារធាតុគីមី ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់ ជាដើម៕