ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១១,៦ ពាន់លានដុល្លារ កើនឡើង ២០.៧៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ប្រទេសវៀតណាមជាដៃគូពាណិជ្ជកម្មលំដាប់ទី១របស់កម្ពុជា ដែលសម្រេចបានទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានក្នុងរង្វង់ជាង ៥ ពាន់លានដុល្លារ រយៈពេល៧ខែកន្លងទៅនេះ។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ រយៈពេល៧ខែ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន កើនឡើងជាង ២០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះកម្ពុជាសម្រេចការនាំចេញទៅទីផ្សារអាស៊ានក្នុងទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារ កើនឡើង ០.១៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៨,១ ពាន់លានដុល្លារ កើនឡើង ៣២.៦០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រទេសវៀតណាម ឈរនៅលំដាប់ទី១ ជាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ដោយទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានប្រមាណ ៥,៣ ពាន់លានដុល្លារ កើនឡើង ៨.២១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ បណ្ដាប្រទេសសមាជិកអាស៊ានផ្សេងៗទៀតដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាបន្ទាប់ពីវៀតណាម មានដូចជា៖ សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន ព្រុយណេ ម៉យ៉ាន់ម៉ា និងទីម័រ។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។
ចំណែកមុខទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានដូចជា៖ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គ្រឿងឧបភោគបរិភោគ យានយន្ត និងគ្រឿងចក្រ សារធាតុគីមី ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់ ជាដើម៕