ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីគាំទ្រក្រសួងសុខាភិបាលកម្ពុជា ក្នុងការដាក់ឱ្យដំណើរការសេវាពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូននៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម។ កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយអត្រាស្លាប់ និងផ្តល់លទ្ធភាពឱ្យស្ត្រីកាន់តែច្រើនទទួលបានសេវាថែទាំសុខភាពដែលអាចសង្គ្រោះជីវិតបាន។
យោងតាមទិន្នន័យសុខាភិបាល ជំងឺមហារីកមាត់ស្បូនគឺជាប្រភេទជំងឺមហារីកដែលកើតមានច្រើនបំផុតទីពីរ ក្នុងចំណោមស្ត្រីនៅកម្ពុជា។ ជារៀងរាល់ឆ្នាំ មានស្ត្រីប្រមាណ ១,៣០០ នាក់ត្រូវបានរកឃើញថាមានកើតជំងឺនេះជាថ្មី និងប្រមាណ ៦៧០ នាក់បានស្លាប់ដោយសារជំងឺនេះ។ ទោះបីជាការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ក៏ដោយ បច្ចុប្បន្នមានស្ត្រីកម្ពុជាអាយុចន្លោះពី ៣០ ដល់ ៤៩ ឆ្នាំ ត្រឹមតែ ២០% ប៉ុណ្ណោះដែលធ្លាប់បានទទួលការពិនិត្យ។
តាមរយៈជំនួយ និងកិច្ចសហការពីប្រទេសអូស្ត្រាលី ការបង្កើនលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលនៅតាមបណ្តាខេត្ត នឹងជួយឱ្យគ្រូពេទ្យអាចរកឃើញជំងឺនេះបានទាន់ពេលវេលា សង្គ្រោះជីវិតស្ត្រីបានកាន់តែច្រើន និងខិតទៅជិតអនាគតមួយដែលគ្មានស្ត្រីកម្ពុជាណាម្នាក់ត្រូវបាត់បង់ជីវិតដោយសារជំងឺដែលអាចការពារ និងបង្ការបាននេះឡើយ៕