Swift cc time

តារាចម្រៀងវៀតណាម Phuong My Chi ដាក់បញ្ចូលវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្នុងបទចម្រៀងថ្មីរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ តារាចម្រៀងវៀតណាម Phuong My Chi បានចេញបទចម្រៀងថ្មីមួយមានចំណងជើងថា «Paradise with My Lover» ដោយបង្ហាញខ្លួនយ៉ាងប្លែកភ្នែកក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីខ្មែរកម្ពុជាក្រោម ជាមួយនឹងរូបរាងយ៉ាងទន់ភ្លន់ និងសមសួន។ ក្នុងវីដេអូចម្រៀងនោះ នាងបានសម្តែងរួមគ្នាជាមួយតារាសម្តែង Bao Dinh ដោយរៀបរាប់ពីសាច់រឿងមិត្តភក្តិពីរនាក់ដែលធំធាត់ជាមួយគ្នាក្នុងសហគមន៍ខ្មែរកម្ពុជាក្រោម រហូតដល់ស្រឡាញ់គ្នានិងរៀបការជាមួយគ្នា។

យោងតាមកាសែតវៀតណាម នៅក្នុងស្នាដៃថ្មីនេះ វប្បធម៌ខ្មែរកម្ពុជាក្រោមត្រូវបានស្ដែងឡើង តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងជីវភាពរស់នៅ ការងារ និងការធំធាត់របស់តួអង្គ។ ក្នុងសាច់រឿង Phuong My Chi ដើរតួជាគ្រូបង្រៀនរាំដែលបង្រៀនក្បាច់រាំប្រពៃណីដូចជា រាំវង់ និងរបាំ ខណៈ Bao Dinh ដើរតួជាជាងធ្វើឧបករណ៍ភ្លេងពិណពាទ្យ។

វីដេអូចម្រៀងនេះក៏បានបង្ហាញយ៉ាងលម្អិតពីពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរក្រោម រួមទាំងពិធីចងដៃអំបោះក្រហមដែលសម្របសម្រួលផ្ទាល់ដោយលោកអាចារ្យ ដើម្បីប្រសិទ្ធពរជ័យ សុខភាព និងសុភមង្គលដល់គូស្វាមីភរិយាថ្មី។

ដើម្បីឱ្យតន្ត្រីនេះមានភាពត្រឹមត្រូវតាមស្ដង់ដារវប្បធម៌ Phuong My Chi និងក្រុមការងារបានពិគ្រោះយោបល់យ៉ាងលម្អិតជាមួយសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Tra Vinh លើផ្នែកសម្លៀកបំពាក់ ឧបករណ៍ភ្លេង របាំ និងពិធីសាសនា។

ទិដ្ឋភាពថតត្រូវបានជ្រើសរើសនៅទីតាំងសំខាន់ៗដូចជា តាមវត្តអារាមមួយចំនួន តាមវាលស្រែ និងទន្លេ ដោយបញ្ជូលឧបករណ៍ភ្លេងបុរាណខ្មែរទៅក្នុងបទភ្លេងបែប Pop។ ការបញ្ជ្រៀបវប្បធម៌ខ្មែរកម្ពុជាក្រោមទៅក្នុងវិស័យតន្ត្រីសម័យនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់តារាចម្រៀងរូបនេះ ក្នុងការលើកស្ទួយ និងផ្សព្វផ្សាយតម្លៃវប្បធម៌ខ្មែរក្រោមដែលកម្របានឃើញនៅក្នុងចរន្តតន្ត្រីសម័យវៀតណាម៕

Khcct banner

អត្ថបទទាក់ទង