បាត់ដំបង៖ តំបន់រ៉ាមសារព្រែកទាល់នៃឋបនីជីវៈចម្រុះបឹងទន្លេសាបកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន។ ការដាក់បញ្ជូលនេះ ធ្វើឡើងដោយរដ្ឋសមាជិកអាស៊ានបានសម្រេចគាំទ្រ និងឯកភាព ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ានលើកទី២៨ និងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាមានឧទ្យានបេតិកភណ្ឌអាស៊ានចំនួនពីររួមមាន ឧទ្យានជាតិវីរៈជ័យ ស្ថិតនៅខេត្តរតនគិរី និងស្ទឹងត្រែង និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតនៅខេត្តកំពតត្រូវដាក់បញ្ចូលនិង អនុម័តជាផ្លូវការនៅឆ្នាំ២០០៣។
នៅពេលដ៏ខ្លីខាងមុខ ពេលដែលតំបន់រ៉ាមសារព្រែកទាល់ ស្ថិតនៅខេត្តបាត់ដំបង ត្រូវបានអនុម័តជាផ្លូវការដោយរដ្ឋមន្រ្តីបរិស្ថានអាស៊ាននោះ ប្រទេសកម្ពុជានឹងមានតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានចំនួនបី ដែលជាលទ្ធផលគួឱ្យមោទនភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពានិងអភិរក្សធនធានធម្មជាតិសម្រាប់ជាតិយើង។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងសិក្សាវាយតម្លៃសក្តានុពលនៃតំបន់ឧទ្យានជាតិជួរភ្នំក្រវាញដែលជាតំបន់សម្បូរទៅដោយជីវៈចម្រុះ ប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជ កំពុងទទួលរងការគំរាមគំហេង និងជាជម្រកពងកូនដែលមានសក្កដានុពលក្នុងការដាក់ស្នើសុំទៅជាជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ាននាពេលអនាគត៕