ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតជូនលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រីចិន។
ក្នុងសារលិខិតនោះ សម្តេច ហ៊ុន សែន បានសម្តែង សេចក្ដីក្ដុកក្ដួល និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជន្មាយុ៩៨ឆ្នាំ នៅទីក្រុងប៉េកាំង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
បើតាមសម្តេច ហ៊ុន សែន ចាត់ទុកលោក Zhu Rongji គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់បក្ស និងរដ្ឋ ហើយក៏ជារដ្ឋបុរសដ៏វិសេសវិសាល។ ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់ឯកឧត្តម ក្នុងការកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក បានបន្សល់ទុកនូវកេរដំណែលដែលមិនអាចបំភ្លេចបាន។
សម្តេចថា សម្រាប់កម្ពុជា លោក Zhu Rongji គឺជាមិត្តដ៏គួរឱ្យទុកចិត្ត និងយូរអង្វែងដែលបានរួមចំណែក យ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រជាជាតិយើងទាំងពីរ។សម្តេចបានរម្លឹកពី ទស្សនកិច្ចផ្លូវការទ្វេភាគី និងការចូលរួមរបស់លោក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកនានា (ASEAN+) និង កិច្ចប្រជុំកំពូលនៃមហាអនុតំបន់មេគង្គ (GMS) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០២ ដែលកម្ពុជាបាន ធ្វើជាម្ចាស់ផ្ទះដោយមោទនភាពជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
មរណភាពរបស់លោក Zhu Rongji គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់បក្ស រដ្ឋ និង ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាផងដែរ ដែលបានបាត់បង់មិត្តដ៏អស្ចារ្យមួយរូប។ កេរដំណែលនៃការដឹកនាំ និងការលះបង់របស់ឯកឧត្តម ចំពោះជាតិចិន និងចំពោះទំនាក់ទំនងទ្វេភាគីរវាង ចិន និងកម្ពុជា នឹងត្រូវចងចាំទុកជានិច្ចនិរន្តរ៍»៕