វៀងច័ន្ទ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិឡាវ កំពុងពិចារណាលើសំណើលើកលែងពន្ធលើតម្លៃបន្ថែម (VAT) ចំពោះការប្រើប្រាស់អគ្គិសនីដែលទទួលបានការឧបត្ថម្ភធន ដើម្បីជួយសម្រាលបន្ទុកចំណាយជីវភាពសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ក្នុងបរិបទដែលប្រជាជនកំពុងប្រឈមនឹងសម្ពាធសេដ្ឋកិច្ចកើនឡើង។
យោងតាមការចេញផ្សាយរបស់កាសែត The Laotian Times អាជ្ញាធរឡាវមិនទាន់បានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌវិនិច្ឆ័យនៃគ្រួសារដែលត្រូវទទួលបានការលើកលែងពន្ធ ឬកាលបរិច្ឆេទជាក់លាក់នៃការអនុវត្តគោលនយោបាយនេះនៅឡើយទេ។
បច្ចុប្បន្ន ប្រទេសឡាវកំពុងអនុវត្តអត្រាពន្ធ VAT ១០% លើការប្រើប្រាស់អគ្គិសនីទូទៅ។ កន្លងមក រដ្ឋាភិបាលឡាវធ្លាប់បានកាត់បន្ថយពន្ធនេះមកត្រឹម ៧% កាលពីដើមឆ្នាំ២០២២ ដើម្បីសម្រាលបន្ទុកវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែបានដំឡើងមក ១០% វិញកាលពីខែមីនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា កិច្ចអន្តរាគមន៍នេះ គឺធ្វើឡើងបន្ទាប់ពីតម្លៃអគ្គិសនីនៅក្នុងប្រទេសឡាវត្រូវបានកំណត់ឱ្យកើនឡើងជាបន្តបន្ទាប់ ក្រោមផែនទីបង្ហាញផ្លូវពន្ធអគ្គិសនីឆ្នាំ២០២៥-២០២៩ ដើម្បីជួយស្តារស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអគ្គិសនីរដ្ឋឡាវ (EDL)៕