Swift cc time

វៀតណាម-អូស្ត្រាលី ចាប់ដៃគ្នា ជំរុញការអភិវឌ្ឍលើវិស័យការពារជាតិ និងសន្តិសុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
លោក To Lam អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម (ឆ្វេង) និង  នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese។

កង់ប៊េរ៉ា៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ កាលពីថ្ងៃទី១១ ខែសីហា លោក To Lam អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅទីក្រុងកង់ប៊េរ៉ា។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការរឹតបន្តឹង «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ឱ្យកាន់តែស៊ីជម្រៅ។ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាចិត្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មាន សន្តិសុខសមុទ្រ ប្រតិបត្តិការជួយសង្គ្រោះ និងការប្រឆាំងភេរវកម្ម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់វៀតណាម ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការរួមដៃប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងតុលាការ។

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពគ្នារក្សា និងពង្រីកទំហំពាណិជ្ជកម្ម ព្រមទាំងការវិនិយោគទ្វេភាគី ដោយផ្តោតលើការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ ជាពិសេសក្នុងវិស័យរ៉ែយុទ្ធសាស្ត្រ និងកសិកម្ម។ បន្ថែមពីនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបំប្លែងឌីជីថល និងវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការជំរុញវិស័យអប់រំ និងទេសចរណ៍។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រចំពោះតួនាទីមជ្ឈមណ្ឌលរបស់អាស៊ាន សេរីភាពនៃការនាវាចរណ៍ និងការហោះហើរនៅតំបន់សមុទ្រចិនខាងកើត (East Sea) ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕

Khcct banner

អត្ថបទទាក់ទង