Swift cc time

យោធិនបំពេញ«កាតព្វកិច្ចយោធា» ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ៤០ម៉ឺនរៀលក្នុង១ខែ ជាមួយប្រាក់របបជាច្រើន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ យោធិនបំពេញ«កាតព្វកិច្ចយោធា» នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល ក្នុង១ខែ និងប្រាក់របបផ្សេងៗជាច្រើនទៀត។នេះបើយោងតាមអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រកាសដាក់ចេញដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាអនុក្រឹត្យ ដើម្បីកំណត់អំពីលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និង ការលើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធី ក្នុងការទទួលយកប្រជាពលរដ្ឋ បញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារ ឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព។

យោងតាមអនុក្រឹត្យ ការធ្វើជំរឿននឹងចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗមានជាអាទិ៍៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០០០០(បួនសែន)រៀល។គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖ ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និង របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន។

គួរបញ្ជាក់ថា ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទីសម្តេច ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួច។ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត៕


Khcct banner

អត្ថបទទាក់ទង