Swift cc time

អគ្គនាយកធនាគារ ARDB៖ កសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម និងការសិក្សាទីផ្សារ មុនសម្រេចចិត្តដាំដំណាំអ្វីមួយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារ ARDB)

ខេត្តព្រះវិហារ៖ អគ្គនាយកធនាគារ ARDB បានណែនាំដល់កសិករនៅស្រុកឆែប ខេត្តព្រះវិហារត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារ មុននឹងសម្រេចចិត្តដាំដំណាំអ្វីមួយ។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) បានលើកឡើងថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះ ការចុះជួបដោយផ្ទាល់គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករមិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។

លោកបណ្ឌិតបានរំលឹកដល់កសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។ ជាមួយគ្នានេះ កសិករត្រូវចេះកត់ត្រាលើការចំណាយ និងចំណូលឱ្យបានច្បាស់លាស់ប្រចាំថ្ងៃ ដើម្បីអាចវាយតម្លៃពីប្រសិទ្ធភាពនៃការផលិតនឹងសម្រេចចិត្តបានត្រឹមត្រូវថា តើគួរបន្តដាំដំណាំណាឬផ្លាស់ប្តូរទៅដំណាំណាដែលមានទីផ្សារអាចផ្តល់ប្រាក់ចំណេញល្អជាង។

លើសពីនេះទៀត កសិករត្រូវចេះជ្រើសរើសពូជដែលមានគុណភាព និងត្រូវបានបន្សុទ្ធត្រឹមត្រូវ ជំនួសឱ្យការប្រើពូជចាស់ ឬពូជដែលមិនមានប្រភពច្បាស់លាស់។ ការជ្រើសរើសពូជល្អ ត្រូវភ្ជាប់ជាមួយការថែទាំត្រឹមត្រូវ ការប្រើប្រាស់ជីធម្មជាតិ និងវិធីសាស្ត្រគ្រប់គ្រងសត្វល្អិតដែលមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើមនឹងបង្កើនទិន្នផលខ្ពស់ជាងមុន។

លោកបណ្ឌិតបញ្ជាក់ថា កសិករដែលខ្វះខាតដើមទុន អាចធ្វើកម្ចីពីធនាគារ ARDB ដោយកម្ចីទាំងនោះអាចប្រើប្រាស់ក្នុងគោលបំណងដែលពាក់ព័ន្ធនឹងកសិកម្មដូចជា ការដាំដុះ ការចិញ្ចឹមសត្វ ការកែច្នៃ និងសកម្មភាពអាជីវកម្មក្នុងខ្សែច្រវាក់កសិកម្ម ពោលធនាគារ ARDB ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងការធ្វើកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និងមុខរបរដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដោយមានលក្ខខណ្ឌ អត្រាការប្រាក់ទាប និងមានភាពបត់បែនជានិច្ច៕


Khcct banner

អត្ថបទទាក់ទង