សៀមរាប៖ ផ្នែកបូមឈាមនៃមន្ទីរពេទ្យកុមារអង្គរ កំពុងជួបប្រទះនូវបញ្ហាកង្វះឈាមគ្រប់ប្រភេទ ក្នុងអំឡុងពេលដែលករណីជំងឺគ្រុនឈាមកំពុងមានការកើនឡើងយ៉ាងគំហុក។ ការកើនឡើងនៃចំនួនអ្នកជំងឺកុមារ បានធ្វើឱ្យតម្រូវការប្រើប្រាស់ឈាមសម្រាប់សង្គ្រោះជីវិតមានការកើនឡើងខ្ពស់លើសពីសមត្ថភាពផ្គត់ផ្គង់បច្ចុប្បន្ន។
មន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា ឈាមគ្រប់ប្រភេទគឺពិតជាមានសារៈសំខាន់ខ្លាំងនាពេលនេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអ្នកជំងឺគ្រុនឈាម ដែលត្រូវការឈាមក្រហមជាចាំបាច់ក្នុងការសង្គ្រោះបន្ទាន់។ អាស្រ័យហេតុនេះ មន្ទីរពេទ្យអំពាវនាវ ដល់សាធារណជន សប្បុរសជន ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឬជួយណែនាំបន្តដល់មិត្តភក្តិ និងសាច់ញាតិឱ្យមកចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតកុមារដែលកំពុងរងគ្រោះ។
សម្រាប់សប្បុរសជនដែលមានបំណងបរិច្ចាគឈាម សូមអញ្ជើញមកកាន់ មន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ឬអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ ០៩៨ ៨០៩ ៥៩៦៕