ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងយន្តការឆ្លើយតបចំពោះបញ្ហា និងហានិភ័យបរិស្ថានដែលពាក់ព័ន្ធនឹងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ព្រមទាំងរួមចំណែកការពារសុខភាពសាធារណៈ រក្សាគុណភាពបរិស្ថាន និងជំរុញវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។ ការចុះMoUនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៦ រវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
បើតាមក្រសួងពាណិជ្ជកម្ម អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រសួងទាំងពីរ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងពង្រឹងយន្តការឆ្លើយតបចំពោះបញ្ហា និងហានិភ័យបរិស្ថានដែលពាក់ព័ន្ធនឹងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ព្រមទាំងរួមចំណែកការពារសុខភាពសាធារណៈ រក្សាគុណភាពបរិស្ថាន និងជំរុញវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន និងប្រកបដោយចីរភាព ស្របតាមទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
ជាមួយគ្នានេះ លោកស្រី ចម និម្មល បានមានប្រសាសន៍ថា កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ត្រូវដើរទន្ទឹមគ្នាជាមួយការគាំពារបរិស្ថាន និងការការពារសុខភាពសាធារណៈ។ លោកស្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តអនុស្សរណៈនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ព្រមទាំងជំរុញការសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពជំនាញនៃក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំនីតិវិធី និងយន្តការសហប្រតិបត្តិការជាក់លាក់ សំដៅធានាបាននូវភាពច្បាស់លាស់ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ក្នុងការអនុវត្ត។
លោកជំទាវរដ្ឋមន្ត្រី បន្តថា ទន្ទឹមនឹងការអនុវត្តវិធានការតាមផ្លូវច្បាប់ ក្រសួងពាណិជ្ជកម្មនឹងបន្តផ្តោតលើ ការបង្ការ ការផ្សព្វផ្សាយ ការណែនាំបច្ចេកទេស និងការលើកកម្ពស់ការយល់ដឹងរបស់ធុរជន អំពីការគាំពារបរិស្ថានក្នុងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ដើម្បីជួយឱ្យក្រុមហ៊ុន និងសហគ្រាសអាចកំណត់ និងគ្រប់គ្រងហានិភ័យ កែលម្អប្រព័ន្ធគ្រប់គ្រង បង្កើនប្រសិទ្ធភាពផលិតកម្ម និងពង្រឹងកេរ្តិ៍ឈ្មោះផលិតផល និងសហគ្រាសកម្ពុជា៕