Swift cc time

បាក់ឌុប៖ក្រសួងអប់រំថាដំណើរការរលូនល្អខណៈបេក្ខជនមានបញ្ហាសុខភាព២៦៧នាក់,ដកហូតឧបករណ៍ហាមឃាត់១២ករណី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សិស្សានុសិស្សចេញពីប្រឡង ថ្ងៃទី ១១ សីហា ២០២៦។

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ បានបិទបញ្ចប់ជាស្ថាពរ។ដំណើរការសំណេរ២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងអប់រំកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានវាយតម្លៃថា ដំណើរការសំណេរមាន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និង ទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស។

បើតាមរបាយការណ៍ពីមណ្ឌលប្រឡងរកឃើញថា ការប្រឡងមាន បេក្ខជន ជនអវត្តមានចំនួន១ ៣៥២នាក់ (ស្រី៥០២នាក់) ស្មើនឹង០,៨៩ ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១៤៧នាក់ (ស្រី៤០៧នាក់) បេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនមានបញ្ហាសុខភាព ២៦៧នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន ១០នាក់ បេក្ខជនប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមមាន ៦៦នាក់ និង គ្រោះថ្នាក់ចរាចរណ៍១០នាក់។

ក្នុងដំណើរការសំណេរ២ ថ្ងៃនេះ ក្រសួងដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ ១២ករណី ក្នុងនោះមានវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ ១ករណី ទូរសព្ទឆ្លាតវៃ១ករណី និង នាឡិកាឆ្លាតវៃ៣ករណីពីបេក្ខជន និង ទូរសព្ទឆ្លាតវៃ១ករណី ព្រមទាំងនាឡិកាឆ្លាតវៃ៦ករណីពីគណៈកម្មការ។ក្រសួង នឹងចាត់វិធានការចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។ 

ចំពោលលទ្ធផលប្រឡងវិញ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

Khcct banner

អត្ថបទទាក់ទង