ថៃ៖ រដ្ឋាភិបាលថៃ កំពុងរៀបចំចាប់ផ្តើមកម្មវិធីឧបត្ថម្ភធនទេសចរណ៍ក្នុងស្រុក «Thai Travel Thai Plus» នៅខែកញ្ញាខាងមុខ ដោយប្រើប្រាស់កញ្ចប់ថវិកាដំបូងប្រមាណ ១,៧៥ ប៊ីលានបាត (ជិត ៥២ លានដុល្លារ)។ តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលថៃ នឹងជួយចេញថ្លៃចំណាយ ៥០% តាមកម្មវិធីទូរស័ព្ទ Pao Tang លើសេវាស្នាក់នៅ ម្ហូបអាហារ សំបុត្រចូលទស្សនា សេវាដឹកជញ្ជូន និងទំនិញសហគមន៍ ដែលរំពឹងថានឹងបង្កើតចរន្តសេដ្ឋកិច្ចជាតិបានជាង ២៦ ប៊ីលានបាត (ជិត ៨០០ លានដុល្លារ)។ វិធានការនេះ ធ្វើឡើងដើម្បីជួយស្តារសេដ្ឋកិច្ចថៃ ដែលកំពុងប្រឈមនឹងការដាំក្បាលចុះ និងការស្ទុះងើបឡើងវិញយឺតយ៉ាវ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ក៏បានស្នើឱ្យមានការប្រមូលសេវាពីភ្ញៀវទេសចរបរទេស អនុវត្តនៅក្នុង «មូលនិធិលើកកម្ពស់ទេសចរណ៍ថៃ» ។ លោកបានគូសបញ្ជាក់ថា ថវិកាប្រមូលបានទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់លើការអភិវឌ្ឍ និងកែលម្អតំបន់ទេសចរណ៍ថ្មី -ចាស់ ជាពិសេសនៅក្នុងក្រុង ឬខេត្តទេសចរណ៍បន្ទាប់បន្សំ ព្រមទាំងការផ្តល់ការធានារ៉ាប់រង ពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ និងការស្តារបរិស្ថានធម្មជាតិឡើងវិញ។អត្រាតម្លៃសេវា និងកាលបរិច្ឆេទអនុវត្តផ្លូវការ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
វិធានការសំខាន់ៗទាំងពីរនេះ ត្រូវបានដាក់បង្ហាញក្នុងកិច្ចប្រជុំគណៈកម្មាធិការរងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងទេសចរណ៍ថៃ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស (Quick Win) ក្នុងរយៈពេល ៦ ខែ ទៅ ១ ឆ្នាំខាងមុខ៕