វៀងចន្ទន៍៖ សម្តេចប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋឡាវ ប្តេជ្ញាបន្តលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណី និងមិត្តភាពដ៏ពិសេស ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនទាំងសងខាង។ ការប្តេជ្ញានេះធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានសេចក្តីតក់ស្លុត សោកសង្រេងជាទីបំផុត ចំពោះមរណភាពរបស់ លោកបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ។ ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវមរណទុក្ខនិងសោកស្តាយជាទីបំផុត ជូន ឯកឧត្តមប្រធានរដ្ឋ និងគណបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនឡាវជាបងប្អូន ចំពោះមរណភាពរបស់ លោកបណ្ឌិត សាយសំផន ភូមវិហាន ដែលជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជាតិឡាវ ហើយក៏ជាការបាត់បង់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិត ថងលុន ស៊ីសុលីត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិត សាយសំផន ភូមវិហាន ដោយផ្ទាល់នាឱកាសនេះ។
សមានចិត្តដ៏ស្មោះសរ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាយូរលង់ណាស់មកហើយ។ ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ តែងតែជួយគ្នានៅគ្រាលំបាកនិងមានទុក្ខគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ ប្រធានរដ្ឋឡាវបានស្នើ ជូនសម្តេចប្រធានរដ្ឋសភាកម្ពុជា បន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
សម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តមិត្តភាពជាប្រពៃណី និងមិត្តភាពដ៏ពិសេស ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនទាំងសងខាង៕