ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលយុទ្ធសាស្ត្រនេះមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងប្រកបដោយបរិយាបន្នដែលអាចពូនជ្រំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ។
ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, វិនិយោគិន, សាកលវិទ្យាល័យ, ស្ថាប័នគាំទ្រធុរកិច្ចថ្មី, សហគ្រិន និង តំណាងវិស័យឯកជន ដើម្បីស្វែងយល់ និង ត្រៀមខ្លួនចូលរួមអនុវត្តយុទ្ធសាស្រ្តនេះ ប្រកបដោយស្មារតីបុរេសកម្ម, ការប្តេជ្ញាចិត្ត និង ការទទួលខុសត្រូវខ្ពស់។
ធុរកិច្ចថ្មី គឺមានចរិតលក្ខណៈខុសពីសហគ្រាសធុនមីក្រូ, តូច, មធ្យម និងធំ ដោយសារធុរកិច្ចថ្មីប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និងសម្បូរបែប សម្រាប់ការបង្កើតគំរូអាជីវកម្មក្នុងទីផ្សារថ្មី ជាជាងទីផ្សារដែលមានស្រាប់, ហើយមានសក្ដានុពល និងកាលានុវត្តភាពក្នុងការពង្រីក អាជីវកម្មយ៉ាងរហ័ស ជាមួយនឹងក្ដីរំពឹងថា អាចចាកចេញពីស្ថានភាពធុរកិច្ចថ្មី ហើយក្លាយទៅជាក្រុមហ៊ុន ធុរកិច្ចថ្មី ដែលជោគជ័យនាអនាគត។
ទន្ទឹមនេះធុរកិច្ចថ្មីនៅកម្ពុជា បាននិងកំពុងវិវត្តខ្លួនទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ឆ្នាំ២០៥០។ ដោយមើលឃើញពីសក្តានុពលដ៏ធំធេង និងកម្មវិបាកវិជ្ជមាននៃធុរកិច្ចថ្មី, រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌរួម ដើម្បីឆ្លើយតបនិងដោះស្រាយជាយុទ្ធសាស្រ្តនូវបញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍនេះ។ ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តជាតិនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវ និងផ្ដល់នូវមាគ៌ាច្បាស់លាស់សម្រាប់ក្រសួង ស្ថាប័ន និង តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ, បរិយាបន្ន និងចីរភាព។
យុទ្ធសាស្រ្តជាតិនេះមានចក្ខុវិស័យ «ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និង លូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ» ដោយឈរលើគោលការណ៍សំខាន់ធំៗ ចំនួន ៣ ដែលរួមមាន៖ ១) រាជរដ្ឋាភិបាលជាតួអង្គជំរុញការអភិវឌ្ឍ, ២) ការអភិវឌ្ឍធុរកិច្ចថ្មីផ្ដោតលើប្រព័ន្ធអេកូឡូស៊ី និង ៣) ការអភិវឌ្ឍធុរកិច្ចថ្មីដោយសហវិវត្តន៍។
ថ្លែងក្នុងពិធីនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចពីតួនាទីរបស់ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តយុទ្ធសាស្រ្ដ ក្នុងការរៀបចំផែនការសកម្មភាពការងារជាក់ស្តែង និងគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ក្នុងការបន្តសហការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំយន្តការក្របខ័ណ្ឌតាមដាន និងវាយតម្លៃ ដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាពខ្ពស់នៃការអនុវត្តយុទ្ធសាស្រ្ដ។
លោកអគ្គបណ្ឌិតសភាចារ្យ បញ្ជាក់ដែរថា គ្រប់តួអង្គនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ត្រូវបន្តកិច្ចសហការជិតស្និទ្ធ និងចូលរួមយ៉ាងសកម្ម ជាមួយក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ដើម្បីបង្កើតសហថាមពល និងបរិស្ថានអំណោយផលដល់ការអភិវឌ្ឍធុរកិច្ចថ្មី ឱ្យក្លាយជាក្រុមហ៊ុនធុរកិច្ចថ្មីដែលមានភាពប្រកួតប្រជែងខ្ពស់។
សូមជម្រាបថា យុទ្ធសាស្រ្តជាតិនេះបានកំណត់សូចនាករសមិទ្ធកម្មគន្លឹះចំនួន៤ សម្រាប់វាស់វែងការអនុវត្តក្នុងរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) រួមមាន៖ (១) សន្ទស្សន៍ប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី នឹងត្រូវចាកចេញពី ប្រព័ន្ធអេកូឡូស៊ីកំពុងងើបឡើង ( Emerging Ecosystem) ទៅជាប្រព័ន្ធអេកូឡូស៊ីដែលអាចពង្រីកខ្លួននៅក្នុងទីផ្សារ, (២) ចំនួនធុរកិច្ចថ្មីដែលបានចូលរួមកម្មវិធីបណ្តុះធុរកិច្ចថ្មីមានចំនួន ៣០០, (៣) ចំនួនធុរកិច្ចថ្មីដែលទទួលបានការវិនិយោគមានចំនួន ១០០ និង (៤) ទំហំវិនិយោគលើធុរកិច្ចថ្មីមាន ៣០លានដុល្លារអាម៉េរិក៕