ស្ទឹងត្រែង៖ លោក ហូត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១០ សីហាបានសាទរ «ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា» ក្រោមប្រធានបទ «ការលើកតម្កើងតួនាទីឆ្នើមរបស់ជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» នៅខេត្តស្ទឹងត្រែង។ កម្មវិធីនេះ ដើម្បី លើកតម្កើងតួនាទី និងសិទ្ធិរបស់ជនជាតិដើមភាគតិច លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ ព្រមទាំងជំរុញការអភិរក្សអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងធនធានធម្មជាតិរបស់សហគមន៍ ដោយផ្សារភ្ជាប់សក្តានុពលទាំងនេះទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទេសចរណ៍ប្រកបដោយបរិយាបន្ន និងចីរភាព។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការអភិវឌ្ឍទេសចរណ៍នៅតាមសហគមន៍ជនជាតិដើមភាគតិច ត្រូវផ្តោតលើការបំប្លែងសក្តានុពលធម្មជាតិ វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណមូលដ្ឋាន ទៅជា «ផលិតផល និងបទពិសោធន៍ទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់» តាមរយៈការអភិវឌ្ឍផ្ទះស្នាក់សហគមន៍ ម្ហូបអាហារប្រពៃណី វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ការសម្តែងសិល្បៈ ការទស្សនាស្វែងយល់ពីជីវភាពរស់នៅ និងការនិទានរឿងអំពីប្រវត្តិ អត្តសញ្ញាណ និងចំណេះដឹងមូលដ្ឋានរបស់សហគមន៍។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចថា ក្រសួងទេសចរណ៍នឹងបន្តសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អ្នកផលិតមាតិកាព័ត៌មាន និងសហគមន៍ ដោយផ្តោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ ការបណ្តុះបណ្តាលជំនាញ ការពង្រឹងគុណភាពសេវាកម្ម ការផ្សព្វផ្សាយសក្តានុពល និងការតភ្ជាប់សហគមន៍ទៅនឹងខ្សែច្រវាក់ទេសចរណ៍ ព្រមទាំងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានា៕