ថៃ៖ សមត្ថកិច្ចថៃ នៅថ្ងៃចន្ទនេះ បានចាប់ខ្លួនអតីតសមាជិកសភាម្នាក់ គឺលោក Chalong Riewrang ក្រោមបទចោទប្រកាន់ពីបទបាញ់ប្រហារបណ្តាលឱ្យមនុស្ស ២ នាក់រងរបួស។ តាមប្រភពព័ត៌មានផ្លូវការ ជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់ គឺជាប្រធានក្រុមប្រឹក្សារដ្ឋបាលមូលដ្ឋានខេត្ត Nonthaburi ខណៈអ្នកបើកបរម្នាក់ទៀត មិនទាន់មានការបញ្ជាក់ពីស្ថានភាពរបួសនៅឡើយ។លោក Chalong ត្រូវគេស្គាល់ថាជាអតីតសមាជិកបក្សនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ។
បច្ចុប្បន្ន សមត្ថកិច្ចថៃ កំពុងបន្តសួរដេញដោលដើម្បីស្វែងរកមូលហេតុពិតប្រាកដនៅពីក្រោយអំពើហិង្សានេះ ទោះជាប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន បានសន្មតថាអាចផ្តើមចេញពីជម្លោះបុគ្គល។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបន្តបាញ់សម្លាប់មនុស្ស ៦ នាក់ទៀតនៅសាលារៀនក្នុងខេត្ត Nonthaburi នេះដដែល៕