Swift cc time

សមាគមសហគ្រិនស្ត្រីកម្ពុជា បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់សហគ្រិនស្ត្រី២០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពី៖ គេហទំព័រ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)

ភ្នំពេញ៖ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហការជាមួយអង្គការ GIZ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលជនបទអន្តរជាតិនៃអង្គការយូណេស្កូ (INRULED) នៃសាកលវិទ្យាល័យគរុកោសល្យប៉េកាំង រៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយស្តីពី «ការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្រ្តី» ដើម្បីជួយជ្រោមជ្រែង និងពង្រីកសក្តានុពលអាជីវកម្មដល់ស្ត្រីនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី២៦ ដល់ ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។

យោងតាមគេហទំព័រនៃ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានឱ្យដឹងថា កម្មវិធីនេះ មានគោលបំណងចម្បងក្នុងការផ្តល់ជំនាញជាក់ស្តែង ព្រមទាំងបង្កើតបណ្តាញគាំទ្រដ៏រឹងមាំដល់សហគ្រិនស្ត្រីដែលកំពុងជួបប្រទះការលំបាក ជាពិសេសផ្តោតលើសហគ្រិនស្ត្រីវ័យក្មេង និងអ្នកជាម្តាយវ័យក្មេង ដែលមានបំណងចង់បង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ សិក្ខាកាមនឹងទទួលបានការសិក្សា និងការអនុវត្តយ៉ាងស៊ីជម្រៅលើការវិភាគអាជីវកម្ម ដើម្បីយល់ដឹងច្បាស់ពីចំណុចខ្លាំង ចំណុចខ្សោយ និងឱកាសទីផ្សារ។ បន្ថែមពីនេះ កម្មវិធីនឹងផ្តោតលើការកសាងយុទ្ធសាស្ត្រលក់ និងទីផ្សារឌីជីថល ដោយរួមបញ្ចូលទាំងការអនុវត្ត និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញការលក់ឱ្យមានប្រសិទ្ធភាពខ្ពស់។ សិក្ខាកាមក៏នឹងទទួលបានការបណ្តុះបណ្តាលលើការត្រៀមខ្លួនសម្រាប់ការនាំចេញ ក្នុងគោលបំណងពង្រីកវិសាលភាពទីផ្សារទៅកាន់កម្រិតតំបន់ និងអន្តរជាតិ។ កម្មវិធីនេះក៏រួមបញ្ចូលទាំងការអភិវឌ្ឍជំនាញទំនាក់ទំនង និងការបង្ហាញអាជីវកម្មខ្នាតខ្លី (Pitching) ដើម្បីទាក់ទាញវិនិយោគិន ឬដៃគូពាណិជ្ជកម្ម ព្រមទាំងការបង្កើតបណ្តាញទំនាក់ទំនងល្អៗរវាងសហគ្រិន និងសហគ្រិនផងដែរ។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី២៦ ដល់ ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:៣០ ព្រឹក ដល់ម៉ោង ០៥:៣០ ល្ងាច នៅសណ្ឋាគារ TRIBE រាជធានីភ្នំពេញ ដោយកាលបរិច្ឆេទផុតកំណត់ទទួលពាក្យគឺនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះទទួលសិក្ខាកាមកំណត់ត្រឹមតែ ២០រូបប៉ុណ្ណោះ។ សម្រាប់សហគ្រិនស្ត្រី ឬស្ត្រីដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម ហើយមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈ តំណភ្ជាប់ ឬអានព័ត៌មានបន្ថែមតាមរយៈ Link ។ សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរផ្សេងៗ សូមទំនាក់ទំនងតាមរយៈទូរសព្ទ ឬ Telegram លេខ៖ +855 17 248 058៕


Khcct banner

អត្ថបទទាក់ទង