ភ្នំពេញ៖ កម្ពុជា និងអាម៉េរិក គ្រោងរៀបចំ «សមយុទ្ធយោធា» រួមគ្នាឡើងវិញទាំង សមយុទ្ធកងទ័ពជើងគោកមានឈ្មោះថា «ឆ្មាំអង្គរ» និង សមយុទ្ធលើផ្ទៃទឹក ឬហៅថា ការ៉ាត់ (Carat) នៅឆ្នាំ២០២៧។ការរៀបចំ សមយុទ្ធយោធា រវាងកម្ពុជា និងអាម៉េរិក ឡើងវិញពេលនេះ ត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ ក្នុងវិស័យយោធា ក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ។
បើគ្មានអ្វីប្រែប្រួលនោះទេ កម្ពុជា-អាម៉េរិក នឹងរៀបចំ«សមយុទ្ធយោធា»រួមគ្នាឡើងវិញទាំង ជើងគោក និងជើងទឹក ដើម្បីពង្រឹងកិច្សចសហប្រតិបត្តិការយោធារវាងកម្ពុជា-សហរដ្ឋអាម៉េរិក។ សមភាគីកម្ពុជា និងអាម៉េរិក បានឯកភាពគ្នារៀបចំ «សមយុទ្ធយោធា» រួមគ្នាឡើងវិញទាំង សមយុទ្ធលើផ្ទៃទឹក ឬហៅថា ការ៉ាត់ (Carat) និង សមយុទ្ធកងទ័ពជើងគោកដែលមានឈ្មោះថា «ឆ្មាំអង្គរ» នៅឆ្នាំ២០២៧។ សមយុទ្ធឆ្មាំអង្គរ កម្ពុជា-អាម៉េរិក ខកខានអស់ជិត ១០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៧។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្រាប់ ស៊ីស៊ីថាមស៍ នៅថ្ងៃនេះថា កងទ័ពកម្ពុជា និងអាម៉េរិក នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែទូលំទូលាយសម្រាប់ជាប្រយោជន៍នៃប្រទេស និង កងទ័ពប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្តូរ ទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក សំដៅរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា បទល្មើសឆបោកបច្ចេកវិទ្យា បន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាម៉េរិកបាត់ខ្លួនក្នុងទឹកដីកម្ពុជា ការធ្វើសមយុទ្ធរួមគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទ ទ័ពនិងប្រភេទទ័ព ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
លោកបានវាយតម្លៃថា មួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ គឺមានភាពរីកចម្រើនល្អប្រសើរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅ មកជាញឹកញាប់ ក្នុងនោះការផ្លាស់ប្តូរទស្សនកិច្ចលើវិស័យធុរកិច្ចក៏មានភាពរីកចម្រើនល្អប្រសើរដែរក្នុងបំណងដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមទៀត ដែលនេះគឺជាសញ្ញាវិជ្ជមានមួយនៃ កិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាម៉េរិក។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានចាត់ទុក«សមយុទ្ធយោធា»នេះ ជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ ក្នុងវិស័យយោធា ខណៈសមយុទ្ធនេះ ត្រូវបានខកខានមួយរយៈដោយសារទិដ្ឋភាពផ្សេងៗ។ ដូច្នេះ ការធ្វើឱ្យមានទំនាក់ទំនងឡើងវិញ រួមទាំងធ្វើឱ្យសមយុទ្ធនេះបង្ហាញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាម៉េរិក។
សម្រាប់អ្នកជំនាញរូបនេះ យល់ថា ការពង្រឹងកងទ័ពកម្ពុជាដែលបានចូលរួមធ្វើសមយុទ្ធ និងបង្ហាញបច្ចុប្បន្នភាពដែលធ្វើពិធកម្មនយោបាយការទូតគ្រប់បណ្ដាប្រទេសនៃមហាអំណាចទាំងអស់ គឺកម្ពុជាបើកទូលាយសម្រាប់កិច្ចសហប្រត្តិការណ៍គ្រប់ជ្រុងជ្រោយមិនថាមហាអំណាចណាមួយឡើង៕