Swift cc time

អង្គការទស្សនៈពិភពលោក រៀបចំផតខាស «គណនេយ្យភាពសង្គម» ពាក់ព័ន្ធការធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរឡើង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គម្រោងស្តីពី «ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីកែលម្អការផ្តល់សេវាតាមរយៈគណនេយ្យភាពសង្គម» (ISAF) អនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ក្រោមការគាំទ្រហិរញ្ញវត្ថុពីធនាគារពិភពលោក (World Bank) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (Australian DFAT) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីវីដេអូផតខាស់ស្តីពីគណនេយ្យភាពសង្គម រដូវកាលទី២ ឬហៅកាត់ថា សារផតខាស់ ក្រោមប្រធានបទ «រួមគ្នាដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរឡើង»។

 

ការវិវត្តដ៏សំខាន់នៃរដូវកាលទី២នេះ គឺការផ្លាស់ប្តូរពីការផ្តោតសំខាន់លើការយល់ដឹងជាមូលដ្ឋានរបស់ប្រជាពលរដ្ឋអំពីសេវាក្នុងឃុំ/សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា (ក្នុងរដូវកាលទី១) ទៅជាការជជែកពិភាក្សាស៊ីជម្រៅអំពីការធ្វើសមាហរណកម្មប្រព័ន្ធ យន្តការហិរញ្ញប្បទាន និងនិរន្តរភាពស្ថាប័ន ដើម្បីធានាថាយន្តការគណនេយ្យភាពនឹងនៅតែបន្តដំណើរការប្រកបដោយភាពធន់ បើទោះបីជាគម្រោងអាចនឹងត្រូវបានបញ្ចប់ក៏ដោយ។ អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺ ការបំពេញបន្ថែមនូវការបកប្រែភាសាសញ្ញានៅក្នុងវីដេអូ ដើម្បីពង្រីកលទ្ធភាពទទួលបានព័ត៌មានប្រកបដោយបរិយាបន្ន។

 
លោក លឹម ប៊ុន នាយកកម្មវិធី ISAF នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ 

កម្មវិធីរដូវកាលថ្មីនេះមានចំនួន ៦ វគ្គ ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៦:៣០ ល្ងាច ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ តទៅ ដោយមានគោលដៅផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ពិសេសក្រុមជនងាយរងគ្រោះ ស្ត្រី យុវជន ជនមានពិការភាព និងជនជាតិដើមភាគតិច នៅក្នុងរាជធានី ខេត្តគោលដៅទាំង១៧ និងខេត្តមិនមែនគោលដៅនៅទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងនាំមកនូវកិច្ចសន្ទនាដ៏មានអត្ថន័យរវាងអ្នករៀបចំគោលនយោបាយថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកសម្របសម្រួលផ្ទាល់នៅមូលដ្ឋាន។

កម្មវិធីរដូវកាលថ្មីនេះ រួមមានប្រធានបទពាក់ព័ន្ធនឹង៖

ការលេចរូបរាងនៃយន្តការថ្នាក់ក្រុង ស្រុក ខណ្ឌ (DMK Level)៖ ការស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមដែលឥឡូវនេះបានពង្រីកវិសាលភាពរហូតដល់កម្រិតរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ការបញ្ចូលផែនការ JAAP ទៅក្នុងកញ្ចប់ថវិកាជាតិ៖ ការពិភាក្សាអំពីរបៀបបំប្លែងមតិយោបល់របស់ពលរដ្ឋតាមរយៈផែនការសកម្មភាពរួមស្តីពីគណនេយ្យភាព (JAAP) ទៅជាសកម្មភាពជាក់ស្តែងដោយបញ្ជ្រៀបចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ/សង្កាត់ (CIP) ផ្ទាល់។

ចក្ខុវិស័យនិរន្តរភាព និងការចាកចេញរបស់ម្ចាស់ជំនួយ (Donors Exit)៖ ការវិភាគកម្រិតម៉ាក្រូស្តីពីអនាគត និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះក្របខណ្ឌគណនេយ្យភាពសង្គមទាំងមូល។

វាគ្មិនកិត្តិយសរួមមាន តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លោកស្រី ផល គុយនី អភិបាលរងនៃគណៈអភិបាលស្រុកស្អាង ខេត្តកណ្ដាល មេឃុំមកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ ព្រមទាំងមន្ត្រីដឹកនាំផ្នែកបច្ចេកទេស និងមន្ត្រីដឹកនាំបណ្តាញសម្របសម្រួលសហគមន៍ (CAF)។

លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋានថា៖ «ក្របខណ្ឌគណនេយ្យភាពសង្គមបានបង្ហាញថា ការចូលរួមប្រកបដោយអត្ថន័យរបស់ប្រជាពលរដ្ឋ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាព តម្លាភាព និងភាពឆ្លើយតបនៃសេវាសាធារណៈនៅថ្នាក់មូលដ្ឋាន។ ក្នុងពេលដែលកម្ពុជាបន្តជំរុញការកែទម្រង់វិមជ្ឈការ និងអភិបាលកិច្ចថ្នាក់ក្រោមជាតិ វាពិតជាមានសារៈសំខាន់ណាស់ដែលប្រជាពលរដ្ឋទទួលបាន និងបន្តចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មាន និងចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តដើម្បីធ្វើឱ្យសេវាសាធារណៈក្នុងសហគមន៍របស់ពួកគាត់មានភាពល្អប្រសើរឡើង។ កម្មវិធីផតខាស់នេះ ផ្តល់នូវវេទិកាដ៏ងាយស្រួលមួយសម្រាប់កិច្ចសន្ទនារវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលជួយបង្កើតការយល់ដឹងពីគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមគ្នាដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែប្រសើរ»។

លោក លឹម ប៊ុន នាយកកម្មវិធី ISAF នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ បានសង្កត់ធ្ងន់ថា៖ «គណនេយ្យភាពសង្គមមានប្រសិទ្ធភាពបំផុត នៅពេលដែលវាបញ្ជ្រៀបខ្លួនក្លាយជាផ្នែកមួយនៃប្រព័ន្ធរដ្ឋបាលមូលដ្ឋាន។ តាមរយៈរដូវកាលទី២នេះ យើងនឹងបង្ហាញពីរបៀបដែលសហគមន៍ អាជ្ញាធរ និងរដ្ឋាភិបាលធ្វើការរួមគ្នាដើម្បីរក្សាយន្តការនេះប្រកបដោយចីរភាព ទោះបីជាគ្មានកញ្ចប់ថវិកាគាំទ្រផ្ទាល់ពីគម្រោងខាងក្រៅនាពេលអនាគតក៏ដោយ»៕

Khcct banner

អត្ថបទទាក់ទង